លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូចនិងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅខេត្តកំពង់ធំ
កំពង់ធំ៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅខេត្តកំពង់ធំ»។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់សហគ្រិនខ្មែរ, រដ្ឋបាលខេត្តកំពង់ធំ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះឡើង ដើម្បីជួយបង្កើនសមត្ថភាពរបស់អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែមានភាពប្រកួតប្រជែង អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីកលូតលាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ចមួយរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នេះគឺជាគោលដៅ និងជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញខេត្តកំពង់ធំក្លាយទៅមូលដ្ឋានផលិតកម្ម វិនិយោគ និងទេសចរណ៍ ដែលអាចបង្កើតការងារ មុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ផងដែរថា ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយចំនួនប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកំពង់ធំ ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង ផសស មានសន្ទុះទាប ហើយអត្រានៃភាពក្រីក្រខ្ពស់ ក្នុងខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។ តួលេខនេះគូសបញ្ជាក់ឱ្យឃើញថា បងប្អូនខេត្តកំពង់ធំយើងជាច្រើននៅប្រកបរបរធ្វើស្រែចម្ការជាលក្ខណៈគ្រួសារនៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយសហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍ កំណើន និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជាចាត់ទុកវិស័យឯកជន រួមមានបងប្អូនកសិករ សិប្បករ អាជីវករទាំងអស់ ដែលកម្ពុជាយើងមានកម្លាំងពលកម្មប្រមាណ ១០លាននាក់ គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ហើយកម្មវិធីនាថ្ងៃនេះ មានគោលដៅគាំទ្រសហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែលចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា «មេទ័ពសេដ្ឋកិច្ច»។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់បន្ថែមថា សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យមានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹងផ្អែកលើឱកាស បរិស្ថាន សង្គម បរិស្ថានសេដ្ឋកិច្ច ឬ ប្រព័ន្ធអេកូឡូស៊ីអំណោយផល ទើបសហគ្រិនទាំងនោះ អាចងើបឡើងរួច។ដូចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា វិស័យសាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពល
វិស័យឯកជន និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមានឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តាគោលនយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។ល។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងផងដែរថា ក្នុងបរិការណ៍ដែលពិភពលោក រួមទាំងភូមិសាស្ត្រនយោបាយ ជាភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសបរិស្ថានផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវគិតគូរឡើងវិញអំពីការរៀបចំ ឬ ធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌនៃការបណ្តុះមេទ័ព ឬបណ្តុះទ័ពស្រួចក្នុងវិស័យឯកជន ឱ្យទាន់សភាពការណ៍ ជាពិសេសសម្រាប់សហគ្រិនថ្មីៗ។ ក្រៅពីនេះ សង្គ្រាមឈ្លានពានរបស់ថៃបានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ថែមទៀត របស់ប្រទេសកម្ពុជា ក្នុងការចេះរៀនសូត្រពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង ប្រកួតប្រជែងជាមួយគេ ជាពិសេសបន្ថយការនាំចូល បង្កើនការផលិត និងសេវាកម្ម។ ដូច្នេះ កម្មវិធីនេះក៏អាចចាត់ទុកថាជាការកសាងសមត្ថភាពផលិតទំនិញក្នុងស្រុក ដើម្បីប្រើប្រាស់ខ្លួនឯង ជំនួសការនាំចូលផង ហើយសម្រាប់បម្រើការនាំចេញទៅខាងក្រៅផងព្រមទាំងជាការប្តូរផ្នត់គំនិតពីការពឹងផ្អែក ឱ្យទៅជាការជួយឱ្យមានសមត្ថភាពរកចំណូលដោយខ្លួនឯង ដែលពាក្យសាមញ្ញថា «បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី»។ នេះទើបជាការធ្វើសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេស ហើយត្រូវអនុវត្តនៅគ្រប់ខេត្តទាំងអស់ ទើបយើងរឹងមាំបាន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យមានក្តីសង្ឃឹម កុំឱ្យគិតថាភាពក្រីក្រធ្វើឱ្យយើងធ្វើអ្វីមិនកើត ផ្ទុយទៅវិញត្រូវយកភាពក្រីក្រមកបង្កើតជាឆន្ទៈ និងឥរិយាបថដើម្បីឱ្យយើងក្លាយជាមនុស្សខ្លាំង និងបានណែនាំឱ្យសិស្សានុសិស្ស «ស្រមៃឱ្យធំ តែចាប់ផ្តើមពីកិច្ចការតូចតាចជាមុន»។ លោក ក៏បានបង្ហាញនូវក្តីសង្ឃឹមថា សិស្សានុសិស្សមួយចំនួនដែលចូលរួមក្នុងកម្មវិធីនេះនឹងអាចក្លាយទៅជាសហគ្រិនខ្មែរដ៏ចំណាននាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងាររាជរដ្ឋាភិបាល គាំទ្រកម្មវិធីនេះឱ្យបានជោគជ័យ ដើម្បីជាជោគជ័យរបស់ប្រជាជនខេត្តកំពង់ធំ និងខេត្តកំពង់ធំទាំងមូល ហើយត្រូវចាត់ទុកការចូលរួមនេះ ជាការចូលរួមកសាងជាតិ និងពង្រឹងសមត្ថភាពកសាងជាតិរបស់យើងទៅថ្ងៃមុខឱ្យរុងរឿង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ម៉ាក Honda ដែលឧបត្ថម្ភដោយក្រុមហ៊ុន NCX តាមរយៈលោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ជូនដល់កសិករចំនួន ៣ សមាគម ក្នុងខេត្តកំពង់ធំ៕