អាជ្ញាធររាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចុះត្រួតពិនិត្យទីតាំងជិត ៨០កន្លែង
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន ៧៩ទីតាំង និងរកឃើញជនបរទេសស្នាក់នៅចំនួន ៦៣២នាក់ ក្នុងនោះស្ត្រី ២៣៨នាក់ ខណៈមានជនបរទេស ៦នាក់ គ្មានលិខិតឆ្លងដែន។
បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ថា លទ្ធផលខាងលើកើតឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងគោលដៅលុបបំបាត់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោកស្រីបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានបង្ក្រាបបទល្មើសនៅតាមបណ្តាខណ្ឌមួយចំនួន ដូចជា៖
ខណ្ឌសែនសុខ៖ នៅបុរី ពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ទូរស័ព្ទ ម៉ូនីទ័រ ធុង CPU និងស៊ីមកាត។ ក្រោយការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ទីតាំងនេះពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ខណ្ឌមានជ័យ៖ នៅខុនដូ Urban Village តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ក្រុមការងារបានរកឃើញជនបរទេស ៦នាក់ សង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scams និងដកហូតវត្ថុតាងជាច្រើន រួមមានទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ៧គ្រឿង iPad ១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ៣ក្បាល និងដាវ ១ដើម។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបន្ទប់ចំនួន ២ ត្រូវបានបិទឃ្លុំដោយសង្ស័យពាក់ព័ន្ធនឹង Online Scams និងការប្រើប្រាស់គ្រឿងញៀន។
ខណ្ឌទួលគោក៖ នៅអគារខុនដូ SKY31 សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតកុំព្យូទ័រ ទូរស័ព្ទ និងលិខិតឆ្លងដែនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់។ ដោយឡែក នៅបន្ទប់ផ្សេងទៀតក្នុងអគារដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។
ខណ្ឌចំការមន៖ ក្រុមការងារបានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំង នៅតំបន់ផ្សារចិន ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ និងបានឃាត់ខ្លួនជនជាតិចិន ២នាក់ ដែលគ្មានលិខិតឆ្លងដែន។
លោកស្រី ដោ សម្ផស្ស បានបន្ថែមថា នៅថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យលើម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំរស់នៅចំនួន ២ទីតាំង ស្មើនឹងមនុស្ស ២នាក់ តាមអនុក្រឹត្យលេខ០៣ ដោយប្រមូលថវិកាបានសរុប ៨លានរៀល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕