សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរខេត្តកណ្ដាល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ តាមព្រំដែនជាមួយវៀតណាម ក្នុងការជំរុញលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យអាជ្ញាធរខេត្តកណ្ដាល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាមួយប្រទេសវៀតណាម ក្នុងការជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ណែនាំដូចនេះ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តកណ្ដាល ជាង១៥០០នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ នៃស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។
សម្តេច ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
យោងតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈ សំខាន់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ខេត្តកណ្តាល មានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម, ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្តកណ្តាលនមានច្រកទ្វារអន្តរជាតិមានចំនួន២ គឺច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ, ច្រកតំបន់ព្រំដែនមានចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ៕
អត្ថបទ៖ សន ពិសិដ្ឋ