ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដកណ្ដាល
កណ្ដាល ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី នៃកម្ពុជា បានអញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្កកណ្ដាល។
នេះជាជំនួបទី១២ និងជាខេត្ដ-រាជធានីទី១៣ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សា ជុំវិញខេត្ដ សមាជិក សាមាជិកា ប្រមាណ២០០០នាក់។
ខេត្តកណ្តាល មានលោក គួច ចំរេីន ជាអភិបាលនៃគណៈអភិបាលខេត្ដ ខេត្ដនេះគឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹង ខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម (មានបន្ទាត់ព្រំដែនប្រវែង ៣១,៣២គីឡូម៉ែត្រ)។
ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយ ផលធម្មជាតិ ហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ កម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។
ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម