សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក អនុម័តហិរញ្ញប្បទាន ១០០លានដុល្លារ សម្រាប់គាំទ្រគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញទំនុកចិត្តលើសក្តានុពលកម្ពុជា
ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) បានអនុម័តហិរញ្ញប្បទានប្រមាណ ១០០លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅកម្ពុជា និងការជឿជាក់លើសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសនេះ។
យោងតាមព័ត៌មានផ្លូវការរបស់ DFC បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ននេះ បានអនុម័តការវិនិយោគជាយុទ្ធសាស្ត្រមួយពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារអាម៉េរិក ជូនដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចាត់ទុកជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់កម្ពុជា។ ការចូលរួមរបស់ DFC ក្នុងការគាំទ្រហិរញ្ញប្បទានសម្រាប់គម្រោងនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីទំនុកចិត្តលើសមត្ថភាព និងសក្តានុពលរយៈពេលវែងរបស់គម្រោង ក៏ដូចជាតួនាទីរបស់កម្ពុជាក្នុងការពង្រឹងការតភ្ជាប់ជាមួយតំបន់ និងពិភពលោក។
ការគាំទ្រពី DFC មានសារៈសំខាន់ជាច្រើនសម្រាប់គម្រោងនេះ។ ក្នុងនោះរួមមានការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន កាត់បន្ថយការពឹងផ្អែកលើប្រភពមូលធនតែមួយ និងបង្កើនភាពធន់នៃរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់គម្រោង។
ជាមួយគ្នានេះ ការចូលរួមរបស់ DFC ក៏ត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានចំពោះគុណភាពគម្រោង សមត្ថភាពអនុវត្ត និងអភិបាលកិច្ច ដែលអាចជួយលើកកម្ពស់ទំនុកចិត្តរបស់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិចំពោះគម្រោង និងវិស័យអាកាសចរណ៍របស់កម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានលើកឡើងថា ការគាំទ្រនេះ នឹងដើរតួនាទីជាកាតាលីករសម្រាប់ទាក់ទាញវិនិយោគបន្ថែមពីវិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ រួមទាំងសហរដ្ឋអាម៉េរិក ជប៉ុន អឺរ៉ុប និងស្ថាប័នពហុភាគី។
លោកបន្ថែមថា ការផ្តល់ផ្តល់ហិរញ្ញប្បទាននេះ ក៏ជាផ្នែកមួយនៃការគាំទ្រចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ស្របតាមផែនការពង្រីករបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការបង្កើនសមត្ថភាពទទួលអ្នកដំណើរពីដំណាក់កាលដំបូងឆ្ពោះទៅកាន់គោលដៅរយៈពេលវែង ប្រមាណ ៣០ ទៅ ៥០លាននាក់ ក្នុងមួយឆ្នាំ និងជួយពង្រឹងអាកាសចរណ៍កម្ពុជា ជាមជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារនៅក្នុងតំបន់៕