ស្នងការនគរបាលខេត្តតាកែវ ណែនាំមន្ត្រីនគរបាលជំនាន់ថ្មីយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់
តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជួបជាមួយនិស្សិតដែលទើបបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងមន្ត្រីនគរបាលជាតិដែលត្រូវបានផ្ទេរភារកិច្ច មកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ក្នុងឱកាសនោះ មាននិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួន ១១នាក់ ក្នុងនោះស្រី ៣នាក់ និងនិស្សិតថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាលចំនួន ៨នាក់ ក្នុងនោះស្រី ២នាក់ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ ជាមួយគ្នានេះ ក៏មានមន្ត្រីនគរបាលជាតិចំនួន ២០នាក់ ក្នុងនោះស្រី ៧នាក់ ដែលត្រូវបានផ្ទេរភារកិច្ចពីនាយកដ្ឋានផ្សេងៗ មកបំពេញការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។
ថ្លែងក្នុងជំនួប លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្តាំផ្ញើឱ្យមន្ត្រីនគរបាលទាំងអស់ ខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ការងារបន្ថែម តាមបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។
លោកស្នងការនគរបាលខេត្តតាកែវ ក៏បានណែនាំឱ្យមន្ត្រីនគរបាលជំនាន់ថ្មីយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ ឌិន សុខស៊ីថា