ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តកុមារភៀសសឹក ឱ្យបន្តការសិក្សា និងចៀសឆ្ងាយពីគ្រឿងញៀន

image

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកសម្ភារៈសិក្សា និងនំចំណី ចែកជូនកុមារភៀសសឹកចំនួន ១៧,០១៦នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន ៥៧នាក់ ដែលកំពុងសិក្សា និងបង្រៀននៅសាលាបណ្តោះអាសន្ន ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងទទួលការអប់រំក្នុងស្ថានភាពលំបាក។

ក្នុងឱកាសសំណេះសំណាល លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះគ្រូបង្រៀនទាំងអស់ ដែលបានបំពេញភារកិច្ចអប់រំកុមារដោយការទទួលខុសត្រូវ និងការលះបង់ខ្ពស់ ទោះបីជាតំបន់នេះបានជួបប្រទះស្ថានភាពអសន្តិសុខ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធសិក្សាក្នុងអតីតកាលក៏ដោយ។

លោក បានលើកឡើងថា ទោះបីសាលារៀន និងលំនៅឋានប្រជាពលរដ្ឋមួយចំនួនបានរងផលប៉ះពាល់ពីស្ថានការណ៍តាមបន្ទាត់ព្រំដែនកន្លងមកក៏ដោយ ក៏លោកគ្រូ-អ្នកគ្រូនៅតែបន្តខិតខំបង្រៀន និងថែរក្សាការសិក្សារបស់សិស្សានុសិស្សជាប្រចាំ ដោយមិនបោះបង់ភារកិច្ចរបស់ខ្លួនឡើយ។

ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង និងជំនាញផ្សេងៗ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

លោក ក៏បានអំពាវនាវឱ្យយុវសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាបញ្ហាសង្គមប៉ះពាល់ដល់អនាគតរបស់យុវជន និងការអភិវឌ្ឍសង្គមជាតិ៕

អត្ថបទ៖ ប៊ុន សំណាង