ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាម៉េរិក គាំទ្រសេចក្តីព្រាងច្បាប់ថ្មីដែលផ្តល់អំណាចឱ្យប្រធានាធិបតី ដាក់ទណ្ឌកម្មលើអ្នកទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់

image

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ថ្មី ក្នុងការផ្តល់សិទ្ធិអំណាចពេញលេញដល់ប្រធានាធិបតី ដើម្បីដាក់ពន្ធគយ និងទណ្ឌកម្មលើបណ្តាប្រទេសទាំងឡាយណា ដែលនៅតែបន្តទិញប្រេងតម្លៃថោកពីរុស្ស៊ី និងអ៊ីរ៉ង់ ។

 

នៅក្នុងជំនួបដេញដោលមួយកាលពីពេលថ្មីៗនេះ លោក រូប៊ីយ៉ូ បានគូសបញ្ជាក់ថា វិធានការបិទខ្ទប់ពាណិជ្ជកម្មកន្លងមក បានកាត់ផ្តាច់ប្រភពចំណូលស្នូលរបស់អ៊ីរ៉ង់ រហូតដល់ទៅចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារក្នុងមួយថ្ងៃ ចំពេលដែលវិស័យប្រេង និងឧស្ម័ន គឺជាដង្ហើមសេដ្ឋកិច្ចធំបំផុតរបស់អ៊ីរ៉ង់ និងរុស្ស៊ី ។

 

ភាគីអាម៉េរិក បានបង្ហើបចំៗទៅកាន់ប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងដ៏ធំបំផុតពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា បើសិនជាបណ្តាប្រទេសទាំងនេះព្រមបញ្ឈប់ការទិញថាមពលនាពេលបច្ចុប្បន្ន នោះលោកខាងលិចនឹងអាចបញ្ចប់សង្គ្រាមធំៗទាំងពីរ ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានយ៉ាងឆាប់រហ័ស ។

 

ទាក់ទិននឹងបញ្ហានៃកម្មវិធីនុយក្លេអ៊ែរ លោក រូប៊ីយ៉ូ បានរំឭកថា ច្បាប់ស្តីពីការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (INARA) គឺមានលក្ខណៈម៉ឺងម៉ាត់បំផុត ដែលតម្រូវឱ្យរាល់កិច្ចព្រមព្រៀងការទូតទាំងអស់ ត្រូវតែឆ្លងកាត់ការពិនិត្យ និងយល់ព្រមពីសភាជាដាច់ខាត ។

 

រដ្ឋបាលអាម៉េរិក បានបញ្ជាក់គោលជំហរថា ទោះបីជាគោលដៅចម្បងគឺជាការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែអាម៉េរិកនឹងនៅតែបន្តទទូចដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើទីក្រុងតេហ៍រ៉ង់ នៅតែបន្តផ្តល់ហិរញ្ញប្បទាន និងគាំទ្រដល់ក្រុមរហេសបូឡាហ៍នៅក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ (AP Photo/Alex Brandon)/ israelnoticias & CNN on Microsoft Bing.