ក្រុមហ៊ុនសណ្ឋាគារបរទេសធំៗ ប្រកាសបញ្ឈប់ប្រតិបត្តិការនៅគុយបា ដែលកំពុងរងសម្ពាធពីអាម៉េរិក
គុយបា៖ ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារធំៗជាច្រើន បានសម្រេចចិត្តកាត់បន្ថយ ឬផ្អាកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសគុយបា ចំពេលដែលប្រទេសដែនកោះមួយនេះ កំពុងរងគ្រោះដោយសារតែការបិទខ្ទប់ការដឹកជញ្ជូនប្រេង និងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក ។
សកម្មភាពដែលថតបាននៅក្នុងទីក្រុងហាវ៉ាណា (Havana) កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពសណ្ឋាគារជាច្រើនដែលស្ងាត់ជ្រងំគ្មានមនុស្សដើរហើរឡើយ ក្នុងនោះរួមមានទាំងសណ្ឋាគារមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន មេលីយ៉ា (Melia) ជាក្រុមហ៊ុនលំដាប់អន្តរជាតិ និងជាប្រតិបត្តិករសណ្ឋាគារបរទេសធំជាងគេបំផុតនៅក្នុងប្រទេសគុយបា បានប្រកាសពី «ការបញ្ឈប់ជាបន្ទាន់» លើសេវាកម្មស្នាក់នៅរបស់ខ្លួននៅក្នុងសណ្ឋាគារចំនួន ១៥ កន្លែង ដោយលើកឡើងពីហេតុផល «ភូមិសាស្ត្រនយោបាយ សង្គម ច្បាប់ និងសេដ្ឋកិច្ច» ។
វិធានការដកថយរបស់ក្រុមហ៊ុនបរទេសទាំងនេះ បានធ្វើឱ្យវិបត្តិនៅក្នុងវិស័យទេសចរណ៍របស់គុយបាកាន់តែដុនដាបខ្លាំងឡើង។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិ និងព័ត៌មានជាតិគុយបា (ONEI) បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមេសា គុយបាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ៣២៨,៦០៨ នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ទៅ ៥៥.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក ផេដ្រូ ហឺណាន់ដេស (Pedro Hernandez) ដែលជាអ្នកបើកបរឡានដឹកភ្ញៀវទេសចរ បានរំឭកទាំងស្តាយស្រណោះថា «កាលពីជំនាន់លោកប្រធានាធិបតី អូបាម៉ា វិស័យទេសចរណ៍ដំណើរការទៅដោយរលូន និងងាយស្រួលខ្លាំងណាស់។ កាលនោះមានកប៉ាល់កម្សាន្តធំៗពីរឬបីគ្រឿងចូលចតនៅកំពង់ផែ ហើយភ្ញៀវទេសចរដើរស្ទើរតែគ្រប់ទីកន្លែង។ ប៉ុន្តែនៅពេលនេះ គ្មានទាំងកប៉ាល់ គ្មានទាំងយន្តហោះ គ្មានអ្វីទាំងអស់ ដោយធ្វើឱ្យអ្នកស្រុកធ្លាក់ដល់ចំណុចសូន្យហើយនៅក្នុងវិស័យទេសចរណ៍» ។
ទន្ទឹមនឹងនេះ លោក រ៉ៃដែល សឺវ៉ាន់តេស (Raidel Cervantes) ដែលជាបុគ្គលិកបម្រើការនៅភោជនីយដ្ឋានមួយកន្លែង បានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថា «មានភាពផុយស្រួយ និងមិនប្រាកដប្រជាទាល់តែសោះ»។ លោកបានបន្តថា «ពួកយើងមានអាកាសធាតុល្អ មានតន្ត្រីពីរោះ មានភាពសប្បាយរីករាយ និងមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែបើគ្មានភ្ញៀវមកទទួលយកសេវាកម្មទាំងនេះទេ តើឱ្យពួកយើងធ្វើអ្វីកើតទៅ? ពួកយើងកំពុងជួបការលំបាកខ្លាំងណាស់» ។
ការសម្រេចចិត្តផ្អាកប្រតិបត្តិការសណ្ឋាគារទាំងនេះ កើតមានឡើងចំពេលមានសម្ពាធយ៉ាងខ្លាំងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅលើប្រទេសគុយបា។ កាលពីថ្ងៃទី ២០ ខែឧសភា ស្ថាប័នតុលាការអាម៉េរិក បានដាក់ការចោទប្រកាន់លើអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) និងមនុស្ស ៥ នាក់ផ្សេងទៀត ដោយចោទប្រកាន់ពួកគេថាជាអ្នកទទួលខុសត្រូវលើការស្លាប់របស់មនុស្ស ៤ នាក់ ក្នុងនោះមានពលរដ្ឋអាម៉េរិក ៣ នាក់ នៅក្នុងព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះខ្នាតតូចពីរគ្រឿងកាលពីឆ្នាំ ១៩៩៦ ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ រដ្ឋាភិបាលគុយបាបានច្រានចោល និងអះអាងថា យន្តហោះទាំងនោះ បានហោះចូលក្នុងលំហអាកាសរបស់ខ្លួនដោយខុសច្បាប់ ហើយសកម្មភាពឆ្លើយតបរបស់អាជ្ញាធរគុយបា ធ្វើឡើងទៅតាមច្បាប់ជាធរមានរបស់ប្រទេសជាតិ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃភាពតានតឹងផ្នែកនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍រវាងសហរដ្ឋអាម៉េរិក និងគុយបា ដែលភាពតានតឹងនាពេលថ្មីៗនេះ បានកើនឡើងបន្ថែម ដោយសារតែការរឹតបន្តឹងទណ្ឌកម្ម និងការបិទខ្ទប់ការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់កោះគុយបា ពីសំណាក់រដ្ឋបាលលោក ត្រាំ ក្រោមការគំរាមកំហែងដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន ដែលវិធានការនេះបានធ្វើឱ្យគុយបាធ្លាក់ចូលក្នុងវិបត្តិថាមពលកាន់តែខ្លាំងក្លាទៅៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.