លីបង់ និងអ៊ីស្រាអ៊ែល ប្រកាសព្រមព្រៀងអនុវត្តបទឈប់បាញ់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរវាងអាម៉េរិកនិងអ៊ីរ៉ង់
លីបង់៖ ប្រទេសលីបង់ និងអ៊ីស្រាអ៊ែល បានប្រកាសព្រមព្រៀងគ្នាជាផ្លូវការក្នុងការអនុវត្តបទឈប់បាញ់ ក្រោយការចរចាសម្របសម្រួលដោយសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធដ៏ស្រួចស្រាវដែលបានផ្ទុះឡើងទន្ទឹមគ្នានឹងសង្គ្រាមនៅអ៊ីរ៉ង់ ។
លក្ខខណ្ឌចម្បងនៃបទឈប់បាញ់នេះ តម្រូវឱ្យក្រុមខ្មាន់កាំភ្លើងហេសបូឡាហ៍ បញ្ឈប់ការបាញ់ប្រហារទាំងស្រុង និងត្រូវដកកងកម្លាំងទាំងអស់ចេញពីតំបន់ភាគខាងត្បូងទន្លេលីតានី ដើម្បីបើកផ្លូវឱ្យកងទ័ពរដ្ឋាភិបាលលីបង់ ចូលគ្រប់គ្រងទឹកដីជំនួសវិញ ។
ទោះបីជាមានការព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យអ៊ីស្រាអ៊ែលផ្អាកការវាយប្រហារលើទីក្រុងបេរូត ហើយក្រុមហេសបូឡាហ៍ផ្អាកការបាញ់ឆ្លងដែនក៏ដោយ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្តកើតមាន ដោយការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអ៊ែលបានសម្លាប់មនុស្ស ៦ នាក់កាលពីថ្ងៃពុធ ។
ឫសគល់នៃសង្គ្រាមនេះ បានចាប់ផ្តើមឡើងតាំងពីខែមីនា ក្រោយពេលអ៊ីស្រាអ៊ែលបានធ្វើការវាយលុកចូលទឹកលីបង់ ដើម្បីដេញតាមកម្ទេចក្រុមហេសបូឡាហ៍ ដែលបានបាញ់ផ្លោងឆ្លងដែនដើម្បីគាំទ្រប្រទេសអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ទាមទារឱ្យបទឈប់បាញ់នេះ ត្រូវរាប់បញ្ចូលទាំងប្រទេសលីបង់ផងដែរ ទើបខ្លួនព្រមបញ្ចប់ជម្លោះ ។
ដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយបញ្ហាចម្រូងចម្រាសដែលនៅសេសសល់ ភាគីទាំងពីរបានព្រមព្រៀងគ្នានឹងបើកកិច្ចចរចាផ្នែកនយោបាយ និងសន្តិសុខដោយផ្ទាល់ម្តងទៀត នៅក្នុងសប្ដាហ៍ទី៤ នៃខែមិថុនា ដោយរាប់ចាប់ពីថ្ងៃទី២២ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពពេញលេញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ (REUTERS/Nathan Howard)/ (REUTERS/Stringer).