សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចពិតជារំភើប ពេលបានឃើញកីឡាករកម្ពុជាទទួលបានជ័យលាភីលើឆាកអន្តរជាតិ
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អែង សុគុណ,លឹម មុនី
——————
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទឹកភ្នែករបស់សម្តេចស្រក់ដោយមិនដឹងខ្លួន រំភើបពេលបានឃើញកីឡាករកម្ពុជាទទួលបានជ័យលាភីលើឆាកអន្តរជាតិ ខណៈដែលវិស័យកីឡានៅកម្ពុជាបានកំពុងតែយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំង។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានទីតាំងនៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០២៦។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា, និយាយជារួម និង វិស័យអប់រំកាយ និង កីឡា និយាយដោយឡែក សម្តេចធិបតីក៏បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអប់រំ យុវជន និង កីឡា ត្រូវពង្រឹងកិច្ចសហការ ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ , រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីជំរុញការអនុវត្ត «យុទ្ធនាការយុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត»។ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តជំរុញការអនុវត្ត «គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយ និង កីឡា»។ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបង្កើនកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃការ- ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ក្នុងឆ្នាំ២០២៨, និង ការប្រកួតកីឡាយុវជន អាស៊ីហ្គេមលើកទី៥ ក្នុងឆ្នាំ២០៣១ នៅកម្ពុជា ឱ្យបានជោគជ័យ, ទាំងក្នុងក្របខ័ណ្ឌនៃ ការរៀបចំ ធ្វើជាម្ចាស់ផ្ទះ និង ការប្រកួតប្រជែងដណ្តើមយកមេដាយ ។ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តអភិវឌ្ឍកីឡាជនពិការ តាមរយៈ ការអភិវឌ្ឍ រចនាសម្ព័ន្ធគ្រប់គ្រងកីឡាជនពិការក្នុង ស្ថាប័នអប់រំ, ស្ថាប័នសង្គមកិច្ច, ស្ថាប័នសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត, ការជំរុញការអភិវឌ្ឍកីឡាជនពិការគ្រប់ប្រភេទ, និង ការផ្តល់ឱកាស ដល់ជនមានពិការភាព ឱ្យចូលរួមដឹកនាំក្នុងវិស័យកីឡា ជាពិសេស កីឡាជនពិការ ។ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញ ការអភិវឌ្ឍឧស្សាហកម្មកីឡានៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការបង្កើត យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ និង យន្តការភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន, ការបង្កើត ផលិត និង កែច្នៃ ផលិតផលកីឡា, ការលើកកម្ពស់ «ទេសចរណ៍កីឡា», ការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកគ្រប់គ្រងអាជីវកម្មកីឡា, ការធ្វើបរិវិត្តកម្មឌីជីថលក្នុងវិស័យកីឡា, និង ការជំរុញ ការផ្លាស់ប្តូរផ្នត់គំនិត ពី «កីឡាដើម្បីកម្សាន្ត» ទៅជា «កីឡាដើម្បីប្រាក់ចំណេញ»៕