ព័ត៌មានជាតិ

ក្រសួងបរិស្ថានបញ្ចប់ការបោះបង្គោលព្រំដីជំរុញការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាននៅតំបន់ទេទឹកពុះ

image

កំពង់ស្ពឺ៖ ការបោះបង្គោលព្រំដីគឺជាខឿនគ្រឹះដ៏សំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ដូចគ្នាដែរ ក្រសួងបរិស្ថាន បានបញ្ចប់ការបោះបង្គោលព្រំដីចំនួន ២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតងទេទឹកពុះ សម្រាប់បង្កើនជីវភាពសហគមន៍ តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតង ក្នុងតំបន់ទេទឹកពុះ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបោះបង្គោលព្រំដីព្រៃ នាំមកនូវអត្ថប្រយោជន៍ ដូចជា កំណត់បានព្រំដែនដីឱ្យបានច្បាស់លាស់ ដើម្បីការពារពីការកាប់ឈើ ការទន្ទ្រានដីរដ្ឋ ឬការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់ពីជនខិលខូច។ លើសពីនេះ ការបោះបង្គោលដី បានជួយកំណត់តំបន់គ្រប់គ្រងច្បាស់លាស់ សម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសក្នុងការគ្រប់គ្រង និងអាស្រ័យផល។ ដូចគ្នាដែរ ការកំណត់ព្រំដីព្រៃ បានរួមចំណែកការការពារជីវៈចម្រុះ ដែលធានាថា ជម្រកសត្វព្រៃ និងរុក្ខជាតិកម្រមិនត្រូវបានបំផ្លាញ ដើម្បីរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សគ្រប់ជំនាន់ ដែលវាពិតជាមានសារៈសំខាន់ចាំបាច់ និងអាទិភាព។

 

អនុវត្តស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលចង្អុលបង្ហាញតាមរយៈអនុក្រឹត្យលេខ១០៦ ចុះថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៦ កន្លងមក ក្រសួងបរិស្ថាន ធ្វើការបោះបង្គោលព្រំ កំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការថែរក្សាជាដីសាធារណៈរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិ។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា បន្ទាប់ពីបានបញ្ជប់ការបោះបង្គោលព្រំដីតំបន់គម្រោងអភិវឌ្ឍន៍លម្ហែបៃតងតំបន់ទេទឹកពុះ ក្រសួងបរិស្ថានធ្វើការបោះបង្គោលព្រំដីជុំវិញតំបន់ ចំនួន៣៧បង្គោលបន្ថែមទៀត ដើម្បីបង្ការ ពង្រឹងការទប់ស្កាត់ ការលួចចូល រុករាន ទន្រ្ទានដីខុសច្បាប់ ពីជនខិលខូច និងការធានាការអភិវឌ្ឍគោលដៅលម្ហែបៃតងតំបន់ទេទឹកពុះមាននិរន្តរភាព។

ក្នុងពេលជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែរក្សាសម្បត្តិធនធានធម្មជាតិ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ ប្រកបដោយនិរន្តរភាពបរិស្ថាន ក៏ដូចជាកិច្ចសហប្រតិបត្តិការពីអង្គការ ដៃគូសហការ ដៃគូអភិវឌ្ឍន៍ ចូលរួមជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ការដាំដើមឈើ បង្កើនគម្របបៃតង ការរៀបចំធ្វើអនាម័យ បង្កើនភាពស្អាតនៅតាមមូលដ្ឋាន ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ការពារកុំដុតព្រៃ ដុតសំរាម សំណល់ប្លាស្ទិក ដើម្បីរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ជួយប្រជាពលរដ្ឋ មានសុខភាពល្អ និងមានជីវភាពល្អប្រសើរ ព្រមទាំងប្រែក្លាយសហគមន៍មូលដ្ឋានរបស់ពួកគាត់ ជាសហគមន៍អព្យាក្រឹកាបូន។

 

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី (ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ) ឱ្យក្លាយជា គោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយក្នុងតំបន់។ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍ រួមទាំងជនជាតិដើមភាគតិច “សួយ” ក្រសួងបរិស្ថានបានអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរឆ្លងកាត់ និងឡើងភ្នំខ្នងផ្សារកាលពីខែមីនា ឆ្នាំ២០២៥ ក៏ដូចជាដំណើរទស្សនកិច្ចថ្មីៗរបស់សម្តេចនៅក្នុងតំបន់នេះ ដោយជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលសហគមន៍មូលដ្ឋាន បានចូលរួមការពារធនធានធម្មជាតិ មានជីវភាពល្អប្រសើរ និងក្លាយជាម្ចាស់របស់គម្រោងទៅអនាគត។

 

ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើការបោះបង្គោលព្រំប្រទល់ដីនៅក្នុងតំបន់គម្រោងលម្ហែបៃតងតំបន់ទេទឹកពុះ ចំនួន២១បង្គោល រួចរាល់ចាប់ពីខែមករាឆ្នាំ២០២៦ និងបានបំពាក់អំពូលសូឡា ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ រួចមកហើយ។ នៅពេលខាងមុខ ក្រសួងបរិស្ថានបន្តជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បម្រើគោលដៅលម្ហែបៃតង ដូចជាកន្លែងផ្តល់ព័ត៌មាន កន្លែងគោរពបូជា កន្លែងងូតទឹក កន្លែងសម្រាកលម្ហែ ជាមួយធម្មជាតិ កន្លែងលក់ដូរ ផ្សារសហគមន៍ជាដើម៕