សង្គម

កម្ពុជា នឹងជួយពង្រីកវិសាលភាពថ្នាលផ្ទៀងផ្ទាត់ឯកសារទៅលើវិស័យអប់រំ និងឯកសារអត្រានុកូលដ្ឋាននៅប្រទេសទីម័រឡេស្តេ ក្រោយដាក់ដំណើរការជោគជ័យលើបណ្ណបើកបរ

image


ទីម័រឡេស្តេ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នឹងជួយពង្រីកវិសាលភាពថ្នាលផ្ទៀងផ្ទាត់ឯកសារទៅលើលើវិស័យអប់រំ និងឯកសារអត្រានុកូលដ្ឋាន ដល់ប្រប្រទេសទីម័រឡេស្តេ ក្រោយដាក់ដំណើរការជោគជ័យថ្នាល verify.gov.tl លើបណ្ណបើកបរ។

នេះបើយោងតាមលទ្ធផលនៃជំនួបរវាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅទីក្រុងឌីលី នាថ្ងៃទី២ ខែមិថុនា។

ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាកិច្ចការបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្រោយពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl លើបណ្ណបើកបរ ដោយជោគជ័យ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើការពង្រីកវិសាលភាពថ្នាលនេះ លើឯកសារនានាក្នុងវិស័យអប់រំ និងឯកសារអត្រានុកូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស និងសន្តិសុខសាយប័រជាដើម។

គួររំលឹកថា ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ សរុបចំនួន ៥០០នាក់។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕