សង្គម

កម្ពុជា-ឥណ្ឌា បើកទំព័រថ្មីនៃការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ

image


ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យប្រជាជនឥណ្ឌាអាចស្កេនទូទាត់តាមខេអេចឃ្យូអរកូត (KHQR Code) នៅកម្ពុជា ដោយប្រើកម្មវិធីធនាគារចល័តរបស់ខ្លួន ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

ពិធីដាក់ឱ្យដំណើរការជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកVanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅធនាគារកណ្តាលឥណ្ឌា។
កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគមពាក់ព័ន្ធនានា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌាជាច្រើននៅកម្ពុជា សរុបប្រមាណ ១៩០រូប។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្របពេលដែលមានកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា តាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ «ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌាឲ្យកាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់ប្រទេសទាំងពីរ»។

គំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពីទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូនានា នៅលើពិភពលោក ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាស៊ាន ។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍៕