អ្នកនាំពាក្យសហគមន៍អឺរ៉ុប៖ អ៊ុយក្រែន នៅតែមិនទាន់បំពេញតាមលក្ខខណ្ឌ ដើម្បីទទួលបានកញ្ចប់កម្ចី ៩០ពាន់លានអឺរ៉ូនៅឡើយទេ
អឺរ៉ុប៖ អ្នកនាំពាក្យសហគមន៍អឺរ៉ុប លោក ម៉ាកុស ឡាំមើត (Markus Lammert) កាលពីដើមសប្ដាហ៍នេះ បានទម្លាយថា ប្រទេសអ៊ុយក្រែននៅមិនទាន់បានបំពេញតាមលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីតម្រូវទាំងអស់ ដើម្បីទទួលបានការទម្លាក់កញ្ចប់ប្រាក់ដំណាក់កាលដំបូង ស្ថិតក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុនិងកម្ចីតម្លៃ ៩០ ពាន់លានអឺរ៉ូនៅឡើយទេ ។
ភាគីសហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលរង់ចាំ និងត្រៀមធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ទៅលើរាល់លក្ខខណ្ឌគន្លឹះៗ ដែលបានចងភ្ជាប់ជាមួយនឹងកញ្ចប់ជំនួយថវិកាម៉ាក្រូសេដ្ឋកិច្ច មុននឹងសម្រេចចិត្តទម្លាក់លុយឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់ ។
គួររំឭកថា កាលពីចុងខែមេសាកន្លងទៅ អឺរ៉ុប ធ្លាប់បានឆ្លងកាត់ឧបសគ្គការទូតដ៏ធំមួយ បន្ទាប់ពីប្រទេសស្លូវ៉ាគី និងហុងគ្រី បានយល់ព្រមបន្ធូរបន្ថយជំហរប្រឆាំងរបស់ខ្លួន ដោយកាលពីមុន នាយករដ្ឋមន្ត្រីហុងគ្រី ធ្លាប់បានប្រើប្រាស់សិទ្ធិបិទខ្ទប់ និងជំទាស់យ៉ាងដាច់អហង្ការចំពោះកញ្ចប់កម្ចីនេះ ដោយសារតែវិបត្តិជម្លោះបំពង់បង្ហូរប្រេងជាមួយអ៊ុយក្រែន ។
ក្រៅពីបញ្ហាហិរញ្ញវត្ថុរបស់អ៊ុយក្រែន សហភាពអឺរ៉ុបក៏បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងបានចេញមុខអំពាវនាវឱ្យប្រទេសអ៊ីស្រាអ៊ែល បញ្ឈប់នូវរាល់ប្រតិបត្តិការយោធា និងការបង្កើនកម្តៅសង្រ្គាមនៅក្នុងប្រទេសលីបង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យមានដំណោះស្រាយតាមផ្លូវការទូត ។
តំណាងសហគមន៍អឺរ៉ុប បានសង្កត់ធ្ងន់ថា ប្រជាជនលីបង់មិនមែនជាអ្នកជ្រើសរើសសង្រ្គាមនេះទេ ហើយទាំងប្រជាជនលីបង់ និងអ៊ីស្រាអ៊ែល សុទ្ធតែមានសិទ្ធិពេញលេញក្នុងការរស់នៅដោយសន្តិភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរ ជៀសផុតពីការគំរាមកំហែងនៃជម្លោះប្រដាប់អាវុធ ។
ដើម្បីជួយសម្រាលទុក្ខលំបាក ស្ថាប័នកំពូលរបស់អឺរ៉ុបបានសន្យាថានឹងបន្តឈរឈ្មោះគាំទ្រប្រជាជនលីបង់ជានិច្ច តាមរយៈការត្រៀមផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្សេងៗបន្ថែមទៀត ដើម្បីជួយដល់អាជ្ញាធរលីបង់ ក្នុងការដោះស្រាយវិបត្តិសង្គ្រាមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ។
ទោះជាមានការទាមទារ និងការអំពាវនាវពីអន្តរជាតិយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នៅតែប្រកាសបន្តបញ្ជាឱ្យកងទ័ពរបស់ខ្លួនសម្រុកវាយប្រហារលើគោលដៅក្រុមហេសបូឡាហ៍ក្នុងទីក្រុងបេរូត និងរំកិលកម្លាំងចូលជ្រៅទៅក្នុងទឹកដីលីបង់ដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.