ព័ត៌មានអន្តរជាតិ

អភិបាលក្រុងញូវយ៉ក ធ្វើពហិការក្នុងការចូលរួមដង្ហែក្បួនព្យុហយាត្រាអបអរសាទរទិវាបង្កើតរដ្ឋអ៊ីស្រាអ៊ែល មិនធ្លាប់មានក្នុងរយៈពេល ៦១ឆ្នាំ

image

សហរដ្ឋអាម៉េរិក៖ មនុស្សម្នាជាច្រើនបានជួបជុំគ្នានៅលើវិថី ហ្វីភ អាវែនញូវ (Fifth Avenue) ក្នុងទីក្រុងញូវយ៉ក ដើម្បីចូលរួមដង្ហែក្បួនព្យុហយាត្រាអបអរសាទរទិវាបង្កើតរដ្ឋអ៊ីស្រាអ៊ែល។ ព្រឹត្តិការណ៍នេះ តាមទម្លាប់ គឺជាទីកន្លែងដែលអ្នកនយោបាយអាម៉េរិកតែងតែមកចូលរួមមិនដែលខាន ដើម្បីទាក់ទាញសន្លឹកឆ្នោតពីសហគមន៍ជ្វីហ្វដ៏ធំ ដែលមានចំនួនជិត ១ លាននាក់នៅក្នុងទីក្រុងនេះ ។

 

ទោះជាយ៉ាងណាក្ដី នៅឆ្នាំនេះ គឺជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ក្នុងរយៈពេល ៦១ឆ្នាំ ដែលអភិបាលក្រុងញូវយ៉ក លោក ហ្សូហ្រាន ក្វាមេ ម៉ាមដានី (Zohran Kwame Mamdani) បានធ្វើពហិការក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឱ្យក្រុមអ្នកចូលរួមសម្តែងការមិនពេញចិត្ត ដោយយល់ថា ក្នុងនាមជាថ្នាក់ដឹកនាំក្រុង ទោះមិនគាំទ្រសង្គ្រាម ក៏គួរតែមកផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋខ្លួនឯងដែរ ។

 

ដោយសារតែរលកនៃការប្រឆាំងជនជាតិជ្វីហ្វកំពុងកើនឡើងនៅក្នុងប្រទេស កងកម្លាំងសមត្ថកិច្ចបានរឹតបន្តឹងប្រព័ន្ធសន្តិសុខយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដោយមានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ប្រើប្រាស់ឡានដឹកទំនិញធំៗធ្វើជារនាំងបិទផ្លូវ និងដំឡើងម៉ាស៊ីនស្កេនស្វែងរកគ្រឿងផ្ទុះឬលោហធាតុ ដើម្បីការពារសុវត្ថិភាពការដង្ហែព្យុហយាត្រានេះ ។

 

ការជួបជុំនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយរបស់អ៊ីស្រាអ៊ែល ពីសំណាក់ក្រុមជនជាតិជ្វីហ្វនៅញូវយ៉ក បើទោះបីជាលទ្ធផលនៃការស្ទង់មតិទូទាំងប្រទេស បានបង្ហាញថា ការគាំទ្ររបស់សាធារណជនអាម៉េរិកបានធ្លាក់ចុះយ៉ាងគំហុក ដោយមានពលរដ្ឋរហូតដល់ ៦០% មិនពេញចិត្តនឹងរដ្ឋាភិបាលអ៊ីស្រាអ៊ែលក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ RT | រូបភាព៖ americanbazaaronline on Microsoft Bing/ Screenshot from RT video.