ព័ត៌មានអន្តរជាតិ

សមុទ្រភ្លើងយ៉ាងសន្ធោសន្ធៅ បានឆាបឆេះសហគមន៍មួយក្នុងទីក្រុងហ្សាកាតា កាលពីយប់ថ្ងៃចន្ទ

image
ឥណ្ឌូណេស៊ី៖ គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីយប់ថ្ងៃចន្ទ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់ ស្ថិតនៅកណ្តាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយបានលេបត្របាក់ផ្សារ ជីអ៊ុង ខេម៉ាយ៉ូរ៉ាន់ (Jiung Kemayoran) ព្រមទាំងសំណង់ផ្ទះជួលជាច្រើនខ្នង ខណៈផ្សែងខ្មៅបានហុយទ្រលោមពាសពេញផ្ទៃមេឃ ។
 
ផ្អែកតាមការរៀបរាប់របស់ប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីចំណុចតូចមួយ រួចក៏បានរីករាលដាលយ៉ាងលឿនបំផុត បង្កជាភាពភ័យស្លន់ស្លោដល់អ្នកភូមិ រហូតធ្វើឱ្យពួកគេគ្មានពេលប្រមូលឬជញ្ជូនទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃជាប់ខ្លួនឡើយ គឺបានត្រឹមតែរត់យករួចខ្លួនពីសមុទ្រភ្លើងប៉ុណ្ណោះ ។
 
ទីភ្នាក់ងារពន្លត់អគ្គិភ័យក្រុងហ្សាកាតា បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យយ៉ាងហោចណាស់ ៣៥ គ្រឿង និងបុគ្គលិក ១៧៥ នាក់ ទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដោយប្រតិបត្តិការបង្ក្រាបភ្លើងនេះ បានចាប់ផ្តើមតាំងពីម៉ោង ៩:០៥ នាទីយប់ថ្ងៃចន្ទ ហើយត្រូវចំណាយពេលរហូតដល់ម៉ោង ៤:១៥ នាទីទៀបភ្លឺថ្ងៃអង្គារ ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបានទាំងស្រុង ។
 
គ្រោះមហន្តរាយនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋរាប់រយនាក់បាត់បង់ទីជម្រក និងទ្រព្យសម្បត្តិទាំងស្រុង ព្រមទាំងធ្វើឱ្យមនុស្សមួយចំនួនរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ទោះបីជាមិនទាន់មានរបាយការណ៍ផ្លូវការអំពីមនុស្សបាត់បង់ជីវិតក៏ដោយ ប៉ុន្តែក្រុមសមត្ថកិច្ចនៅតែបន្តវត្តមាននៅទីតាំងកើតហេតុ ដើម្បីបាញ់ទឹកបង្អន់កម្តៅ និងបន្តវាយតម្លៃអំពីទំហំខូចខាត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.