សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា អញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្ដាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមលោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានឱ្យដឹងថា អគារថ្មីនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់ នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថនិងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
លោក បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារនេះផ្ទាល់តែម្ដង ដែលសម្ដេចតែងតែផ្ដល់ការគាំទ្រ ជ្រោមជ្រែង ការពារ និងផ្ដល់នូវអនុសាសន៍គន្លឹះដែលមានខ្លឹមសារជ្រាលជ្រៅ ចាប់តាំងពីចំណុចដំបូងការកែទម្រង់រដ្ឋបាលសារពើពន្ធ និងជាបន្ដបន្ទាប់ដែលជាចំណុចសំខាន់នៃការកែប្រែមុខមាត់ថ្មីរបស់រដ្ឋាបាលសារពើរពន្ធកម្ពុជាមកដល់បច្ចុប្បន្ន។
សូមជម្រាបថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ មកលើអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ជាអាទិ៍ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងយុទ្ធសាស្ត្រកៀរគរចំណូល (RMS) ដែលផ្តោតលើការកែទម្រង់មុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុខឃីម