ទិវាកុមារអន្តរជាតិ១មិថុនា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ ដើម្បីធនធានកម្ពុជា”
អត្ថបទ៖ ហ៊ន សុភ័ក្រ
————
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ"។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិតលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
សម្តេចបវរធិបតីក៏បានបង្ហាញជាលទ្ធផល អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាព ទារក បានការថយចុះគួរឱ្យកត់សម្គាល់ ដែលនេះគឺជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។ ចំពោះវិស័យអប់រំ សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា "រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកប ដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេស ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ព្រមទាំងដាក់ ចេញនូវវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំ គ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ កិច្ចការពារកុមារនៅតាមសាលារៀននិងការអប់រំបែបវិជ្ជមាន ត្រូវបានអនុវត្ត យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់"។
ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យនានាចំពោះកុមារ សម្តេចបវរធិបតីបានលើកឡើងដែរថា "រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិស ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះបញ្ហា ពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព ២០១៥-២០៣០"។
សម្តេចបវរធិបតី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណី កុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕