ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឱ្យគ្រូពេទ្យទាំងអស់ខិតខំធ្វើយ៉ាងណាឱ្យសេវាសុខាភិបាលជាតិមានគុណភាពខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺ
សៀមរាប៖ ប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានធ្វើការជំរុញដល់ដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាពង្រឹងគុណភាពសេវាសុខាភិបាល តាមរយៈការព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា លោក សាស្ត្រាចារ្យ ឡឹម តារា បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២០។ លោក បានមានប្រសាសន៍ថា កន្លងមកយើងតែងតែពិនិត្យឃើញមានបាតុភាពមិនប្រក្រតីជាច្រើននៅក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាល បើទោះបីជា ក្នុងវិស័យនេះយើងមានអនុក្រឹតស្តីពីក្រមសីលធម៌វិជ្ជជីវៈគ្រូពេទ្យ កាលពីអំឡុងឆ្នាំ ២០០០ក្តី។
លោកបន្តថា ដើម្បីជួសជុលនូវបាតុភាពទាំងអស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល បានខិតខំកែទម្រង់ឱ្យវិស័យមួយនេះ កាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺ ឱ្យគាត់ជឿជាក់មកលើគ្រូពេទ្យខ្មែរវិញ។
លោកបញ្ជាក់ថា គ្រូពេទ្យខ្មែរយើងត្រូវតែល្អទាំងចំណេះ ជំនាញ ដូចយើងឃើញស្រាប់ហើយនៅពេលដែលមានបញ្ហាឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាយើង ដែលជាការឈឺចាប់បំផុត ដូច្នេះយើងត្រូវប្រែក្លាយការឈឺចាប់នេះទៅជាការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង វិស័យរបស់យើងឲ្យបានខ្លាំងដើម្បីធានាថា ការផ្តល់សេវានៅក្នុងស្រុកយើង បានគ្រប់ជ្រុងជ្រោយ ដែលអាចឲ្យប្រជាជនផ្ញើអាយុជីវិតជាមួយយើងបាន ហើយកាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
សូមជម្រាបថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២០ ត្រូវបានសហការរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្តសៀមរាប និងគណៈគ្រូពេទ្យជាតិកម្ពុជា ក្នុងគោលដៅចែករំលែក បទពិសោធន៍ ចំណេះដឹងថ្មីៗដល់ក្រុមគ្រូពេទ្យនៅក្នុងខេត្តសៀមរាប។
ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប លោក វេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍចំណេះដឹងនៅក្នុងវិស័យសុខាភិបាល គឺដើម្បីដើរឲ្យទាន់នៅការអភិវឌ្ឍវេជ្ជសាស្ត្រជាសកល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលដល់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់គ្រូពេទ្យទាំងអស់ គោរពឲ្យបានខ្ជាប់ខ្ជួននៅក្រមសិលធម៌វិជ្ជាជីវៈដែលមានស្នូលទាំង៤ រួមមាន ការគោរពស្វ័យភាព អ្នកជំងឺ ផលប្រយោជន៍អ្នជំងឺ មិនបង្កគ្រោះថ្នាក់ និងយុត្តិធម៌។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប ក៏បានជំរុញដល់គ្រូពេទ្យទាំងអស់សរសេរវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវច្បាស់លាស់ មានចុះថ្ងៃខែ និងឈ្មោះគ្រូពេទ្យ ធ្វើយ៉ាងណាឲ្យអ្នកជំងឺ គ្រួសារអ្នកជំងឺ អានរួច ងាយយល់ និងស្រួលអនុវត្តន៍តាម ព្រោះកន្លងមកវេជ្ជបណ្ឌិត គ្រូពេទ្យ មួយចំនួនសរសេរវេជ្ជបញ្ជាអានមិនដាច់ មើលមិនយល់។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ក៏ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំព្យាបាលអ្នកជំងឺឲ្យអស់ពីសមត្ថភាព និងឆាប់បញ្ជូនអ្នកជំងឺទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងដើម្បីបន្ថយអត្រាគ្រោះថ្នាក់៕
អត្ថបទ៖ ជា ស្រស់