សង្គម

ដឹងកាពិតហើយ ករណីឆេះផ្ទះលក់គ្រឿងអគ្គិសនីនៅក្រុងស្វាយរៀង កាលពីប្រលប់ម្សិលមិញ

image


ស្វាយរៀង៖ ផ្ទះលក់គ្រឿងអគ្គិសនីមួយកន្លែងនៅខាងកើតផ្សារវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៦ ត្រូវបានភ្លើងឆាបឆេះខូចខាតសម្ភារស្ទើរទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិននៅចាក់សោទ្វារ ហើយឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាប់ឆេះផ្ទះ២ល្វែង ដែលមានលក់គ្រឿងអគ្គិសនីពេញផ្ទះ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ច ថានៅវេលាកើតហេតុខាងលើដោយទទួលព័ត៌មានថាមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនោះ កម្លាំងនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានជួយ ពន្លត់អគ្គិភ័យបណ្តាលឱ្យឆេះផ្ទះ ២ល្វែង សង់ពីបេតុង ដែលមានប្រវែង ៨x១៦ម៉ែត្រ ដែលម្ចាស់ផ្ទះមានឈ្មោះ សេង សុខលុច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី បណ្តាលឱ្យគេទៅដីប៉ុណ្ណឹងសោះខូចខាតសម្ភារលក់ដូរទាំងស្រុង(មូលហេតុ ឆ្លងចរន្តអគ្គិសនី)។

ប្រភពបានបន្តទៀតថា អគ្គិភ័យនេះសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង ទឹកចំនួន ២៨រថយន្ត (ស្នងការដ្ឋាន ០២គ្រឿង, អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង, អធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ០១គ្រឿង, អធិការដ្ឋាននគរបាល ស្រុករំដួល ០១គ្រឿង, អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ០១គ្រឿង និងកម្លាំងកងរាជអាវុធហត្ថខេត្ត ០៤គ្រឿង)។

ក្នុងការអន្តរាគមន៍ជួយបាញ់ទឹកពន្លត់នោះសមត្ថកិច្ចបានប្រើពេលជាង ២ម៉ោង ទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង៕

អត្ថបទ៖ មិន ភក្តី