អាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៧០៥នាក់សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថា ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន ៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ឬឯកសារត្រឹមត្រូវ និងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រីបន្តទៀតថា នៅថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៤ទីតាំង មនុស្សចំនួន ១៩នាក់ គិតជាថវិកាសរុបបានចំនួន ៧៦.០០០.០០០រៀល៕