ទុរេនកំពតជាង ២តោន និងដាក់ឱ្យភ្ញៀវទេសចរភ្លក់ក្នុងព្រឹត្តិការណ៍ “មរតកផ្លែឈើ និង នំចំណីកំពត” នៅដើមខែមិថុនាខាងមុខ
កំពត៖ រដ្ឋបាលខេត្តកំពត បានត្រៀមទុរេនទុំប្រមាណជាង ២តោន ដើម្បីទទួលស្វាគមន៍ និងជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ “មរតកផ្លែឈើ និងនំចំណីកំពត” ក្រោមប្រធានបទ “រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង” បានភ្លក់រសជាតិដើម ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ចាប់ពីម៉ោង ២រសៀលតទៅ នៅបរិវេណសួនច្បារទល់មុខផ្សារវិថីម្ហូបអាហារ ខេត្តកំពត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺទទួលបានការជំរុញលើកទឹកចិត្តពីក្រសួងទេសចរណ៍ ជាពិសេសក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយ។
លោកបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងមានឱកាសភ្លក់រសជាតិទុរេនកំពតដ៏ល្បីល្បាញ ដែលរដ្ឋបាលខេត្តបានត្រៀមទុកចំនួនជាង ២តោន ព្រមទាំងអាចទស្សនា និងទិញផលិតផលកសិកម្ម ផ្លែឈើតាមរដូវ នំចំណីប្រពៃណី និងផលិតផលសហគមន៍ជាច្រើនប្រភេទ ដែលជាមរតកវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
លោកប្រធានមន្ទីរបានបន្តថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការជំរុញទេសចរណ៍រដូវកាលបៃតង ដែលក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពុងផ្តោតសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងអំឡុងរដូវវស្សា។ រដូវកាលនេះ ខេត្តកំពតមានសម្រស់ធម្មជាតិខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ទេសភាពភ្នំ ទឹកជ្រោះ សមុទ្រ និងចម្ការផ្លែឈើកាន់តែស្រស់ស្អាត ដែលផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ និងជួយជំរុញចំណូលដល់សហគមន៍មូលដ្ឋាន។
តាមរយៈការរៀបចំព្រឹត្តិការណ៍ “មរតកផ្លែឈើ និងនំចំណីកំពត” នេះ រដ្ឋបាលខេត្តកំពតរំពឹងថា នឹងរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនកំពត ផ្សព្វផ្សាយសក្តានុពលទេសចរណ៍រដូវកាលបៃតង និងជំរុញការចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន៕
អត្ថបទ៖ វង្ស សុធារម្យ