សង្គម

សម្តេចតេជោ ហ៊ុន សែន ជំរុញ និងគាំទ្រយ៉ាងមុតមាំ ចំពោះការពង្រឹងប្រសិទ្ធភាព នៃការប្រមូលពន្ធដារ និងពន្ធគយ ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ

image


ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងប្រសិទ្ធភាព នៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីធានាបាននូវចំណូលថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ចំនួន ៧៧៥នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តពោធិ៍សាត់។

សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេច ក៏បានរំឭកដល់មន្រ្តីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្តេចតេជោបានរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមសម្ដេចជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅ។

សម្ដេចតេជោ បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។
សូមរំលឹកថា លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២៦ ដោយការដាក់ចេញវិធានមុតស្រួចនេះ មានគោលបំណងសំខាន់២ រួមមាន៖ (១) បង្កើនចំណូលពន្ធអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង (២) កែលម្អ និងបង្កជាបរិយាកាស ស្មើភាពនៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការដាក់ចេញនូវវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ មានលក្ខណៈម៉ឺងម៉ាត់ និងប្រាកដនិយម ដែលជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៧៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម