ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា អញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដពោធិ៍សាត់ ដែលប្រារព្ធឡេីងនៅសាលាខេត្ពពោធិ៍សាត់។
នេះជាជំនួបទី១០ និងខេត្តទី១១ហើយ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និង កំពង់ឆ្នាំង ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សា ជុំវិញខេត្ដ សមាជិក សាមាជិកា ជាង៧០០នាក់។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោម រាជធានី ខេត្តទាំង២៥ ស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និង កំពង់ធំតាមបណ្តោយបឹងទន្លេសាប ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
រដ្ឋបាលដែនដី បែងចែកចេញ ជា១រដ្ឋបាលក្រុង ៦រដ្ឋបាលស្រុក ៧សង្កាត់ ៤២ឃុំ និង៥២៧ភូមិ។ មានប្រជាជន សរុបចំនួន ៥៦២.៦៨៣នាក់ ស្រី២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។
មានផ្ទៃដីសរុបចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់ខ្ពង់រាប, តំបន់ ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប។
ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក បន្ទាប់ពីជំនួបនៅខេត្ដពោធិ៍សាត់នេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅ ខេត្ដកំពង់ធំ ហេីយនឹងបន្ដនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម