អ្នកជំនាញហិរញ្ញវត្ថុ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយពីការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព ខណៈបំណុលឯកជននៅកម្ពុជា កើនលើស ៦០ពាន់លានដុល្លារ ក្នុងនោះកម្ចីសងយឺតកើនដល់ជាង ៦%
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព ខណៈទំហំឥណទានវិស័យឯកជនផ្លូវការនៅកម្ពុជា បានកើនដល់ជាង ៦០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៥ ដែលក្នុងនោះ ឥណទានសងយឺតយ៉ាវរយៈពេល ៩០ថ្ងៃ មានជាង ៦%។
ការលើកឡើងនេះ ធ្វើឡើងដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ក្នុងវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ដែលរៀបចំឡើងដោយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
កម្មវិធីនេះ មានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៨៦នាក់ មកពីស្ថាប័ន និងអង្គភាពផ្សេងៗចំនួន ៦៦ស្ថាប័ន ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាឥណទានប្រកបដោយសុវត្ថិភាព និងការសម្រេចចិត្តខ្ចីប្រាក់ដោយការទទួលខុសត្រូវ និងកាត់បន្ថយហានិភ័យ។
លោក អឿ សុធារ័ត្ន បានថ្លែងថា គិតត្រឹមឆ្នាំ២០២៥ ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦០ពាន់លានដុល្លារអាម៉េរិក ជាមួយចំនួនអ្នកប្រើប្រាស់កម្ចីប្រមាណ ៥លាននាក់នៅទូទាំងប្រទេស។ ក្នុងនោះ កម្ចីឯកត្តបុគ្គល មានប្រមាណ ៥០ពាន់លានដុល្លារអាម៉េរិក ខណៈកម្ចីនីតិបុគ្គល (ក្រុមហ៊ុន) មានប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ឥណទានយឺតយ៉ាវរយៈពេល ៩០ថ្ងៃ មានប្រមាណ ៦,៤៦% ដែលជាតួលេខបង្ហាញពីបញ្ហាគុណភាពឥណទាន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមមានធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អ្នកខ្ចីប្រាក់ និងអ្នកសារព័ត៌មាន ចូលរួមធ្វើឲ្យគុណភាពឥណទានកាន់តែល្អប្រសើរ។
លោកបានបន្ថែមថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការធ្វើជាស្ពានផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន ដើម្បីជួយលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឲ្យមានការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ក្នុងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់ឥណទានឲ្យចំគោលដៅ និងប្រកបដោយការទទួលខុសត្រូវ។
លោកបានបន្តថា ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់មនុស្សគ្រប់រូប ជាពិសេសការរក្សាតុល្យភាពរវាងចំណូល និងចំណាយ។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញឲ្យអ្នកសារព័ត៌មាន បន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យសាធារណជនមានការយល់ដឹង និងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៕