អាម៉េរិកកំពុងពិចារណាបោះពុម្ពក្រដាសប្រាក់ ២៥០ដុល្លារថ្មី មានរូបលោក ដូណាល់ ត្រាំ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្កត ប៊ែសសេន (Scott Bessent) បានទម្លាយថា បច្ចុប្បន្នមានការដាក់ស្នើច្បាប់ថ្មីមួយទៅកាន់សភាជាតិអាម៉េរិក ដើម្បីសុំកែប្រែច្បាប់រូបិយប័ណ្ណដើម ក្នុងការអនុញ្ញាតឱ្យមានការបោះពុម្ពរូបលោក ដូណាល់ ត្រាំ នៅលើក្រដាសប្រាក់ប្រភេទ ២៥០ ដុល្លារថ្មី ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីរតនាគារជាតិ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នករាយការណ៍ព័ត៌មានបានសួរដេញដោលថា តើពេលណាទើបអាចឃើញហត្ថលេខារបស់លោក នៅក្បែររូបថតមុខរបស់លោក ដូណាល់ ត្រាំ លើក្រដាសប្រាក់ថ្មី ដែលជាគម្រោងព្រាងដ៏កម្រមួយរបស់អាម៉េរិក ។
តាមច្បាប់ហិរញ្ញវត្ថុបច្ចុប្បន្នរបស់អាម៉េរិក គឺហាមដាច់ខាតក្នុងការអនុញ្ញាតឱ្យយករូបថតរបស់បុគ្គលដែលកំពុងមានជីវិតរស់នៅ មកបោះពុម្ពនៅលើក្រដាសប្រាក់នោះឡើយ លុះត្រាតែមានការកែប្រែ និងអនុម័តយល់ព្រមជាផ្លូវការពីស្ថាប័នសភាជាតិជាមុនសិន ។
យ៉ាងណាមិញ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុបានរៀបចំប្លង់ និងកិច្ចការបច្ចេកទេសទុកជាមុនរួចរាល់អស់ហើយ ដើម្បីត្រៀមខ្លួនក្នុងករណីដែលសភាសម្រេចអនុម័តច្បាប់ថ្មីនេះ ប៉ុន្តែពេលនេះ ក្រសួងនៅតែបន្តគោរពតាមច្បាប់ចាស់ដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.