ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ AI កំពុងដណ្តើមការងារបុគ្គលិកថ្នាក់ទាប និងត្រៀមវាយលុកបុគ្គលិកថ្នាក់កណ្តាលជាបន្ត

image


 
កាហ្សាក់ស្ថាន៖ នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ាស៊ី នាប្រទេសកាហ្សាក់ស្ថាន កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានធ្វើការព្រមានថា ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា AI នឹងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងការបាត់បង់ការងារ ឬតម្រូវឱ្យប្តូរមុខរបរ ដោយសារតែប្រព័ន្ធកុំព្យូទ័រចូលមកជំនួសការងារមនុស្ស ។
 
លោក ពុទីន បានគូសបញ្ជាក់ថា នៅក្នុងវិស័យមួយចំនួនដូចជាការវិភាគរៀបចំឯកសារ និងការសរសេរកូដកុំព្យូទ័រ បច្ចេកវិទ្យា AI បាននិងកំពុងដណ្តើមយកការងាររបស់បុគ្គលិកថ្នាក់ទាបរួចរាល់ទៅហើយ ហើយជំហានបន្ទាប់ វានឹងដណ្តើមការងារបុគ្គលិកថ្នាក់កណ្តាល ដែលរឿងនេះមិនអាចជៀសវាងបានឡើយ ។
 
មេដឹកនាំរុស្ស៊ីរូបនេះ បានលើកឡើងជាបន្តថា ប្រទេសរុស្ស៊ីមានប្រៀបខ្ពស់ក្នុងការប្រកួតប្រជែងលើវិស័យ AI ពិភពលោក ដោយសារតែរុស្ស៊ីមានធនធានមនុស្សផ្នែកវិទ្យាសាស្ត្រកម្រិតខ្ពស់ និងមានប្រភពថាមពលនុយក្លេអ៊ែរដ៏រឹងមាំ ដែលជាតម្រូវការចម្បងក្នុងការដំណើរការប្រព័ន្ធ AI ដ៏មហាសាល ។
 
ក្រៅពីមានប្រភពថាមពល និងកញ្ចប់ថវិការឹងមាំក្នុងការបង្កើតប្រព័ន្ធ AI ឯករាជ្យរបស់ខ្លួន រុស្ស៊ីក៏បានសម្តែងនូវបំណងចង់សហការយ៉ាងស្អិតរមួតជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីរួមគ្នាកសាងឱកាសសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបច្ចេកវិទ្យាថ្មីនេះ ។
 
ជាផែនការទៅមុខ រុស្ស៊ីបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីបច្ចេកវិទ្យា AI នៅក្នុងប្រទេសរុស្ស៊ី នាឆ្នាំក្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ និងការបត់បែនបច្ចេកវិទ្យាឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់តំបន់នីមួយៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.