រុស្ស៊ី ព្រមានថា ការវាយប្រហារលើទីក្រុងគីវ អាចកើតមានឡើងនៅគ្រប់ពេលទាំងអស់
រុស្ស៊ី៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ែរហ្គី សយហ្គូ (Sergei Shoigu) បានចេញមុខប្រកាសព្រមានយ៉ាងធ្ងន់ៗថា ការវាយប្រហារទ្រង់ទ្រាយធំទៅលើរដ្ឋធានីគីវ អាចនឹងកើតមានឡើងគ្រប់ពេលទាំងអស់ ឱ្យតែភាគីរុស្ស៊ីយល់ឃើញថា ដល់ពេលដែលត្រូវប្រើប្រាស់កម្លាំងយោធាឆ្លើយតប ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះបានបញ្ជាក់ថា ការដាស់តឿនឱ្យបណ្តាឯកអគ្គរដ្ឋទូតបរទេសចាកចេញពីទីក្រុងកៀវមុននេះ គឺធ្វើឡើងដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីជាការវាយប្រហារតបតទៅនឹងទង្វើភេរវកម្មដែលបានសម្លាប់យុវជនរុស្ស៊ី ដែលរឿងនេះបានបង្កជាសោកនាដកម្មដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ ។
ក្រៅពីការគំរាមកំហែងផ្នែកយោធា លោក សយហ្គូ ក៏បានបង្ហាញពីតួនាទីសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី ដោយលោកអះអាងថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិខ្វះខាតជីកសិកម្ម និងស្បៀងអាហារដែលធ្វើឱ្យមនុស្សរាប់សិបលាននាក់ជួបបញ្ហាក៏ដោយ ក៏រុស្ស៊ីនៅតែជាដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងគ្រាប់ធញ្ញជាតិ ។
ជាមួយគ្នានេះ លោកបានកោតសរសើរពីសមត្ថភាពយោធារបស់រុស្ស៊ី ដោយលើកឡើងថា ទម្រង់នៃការធ្វើសង្គ្រាមនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរហើយ ហើយកងទ័ពរុស្ស៊ីមានបទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងទទួលបានការហ្វឹកហ្វឺន និងបំពាក់អាវុធទំនើបៗជាងកងទ័ពនៃប្រទេសណាៗទាំងអស់នៅលើពិភពលោក ។
លោកក៏បានធ្វើការព្រមានចំៗទៅកាន់បណ្តាក្រុមហ៊ុនផលិតអាវុធ និងគ្រាប់រំសេវរបស់អឺរ៉ុបថា ឱ្យតែក្រុមហ៊ុនទាំងនោះហ៊ានលេចមុខ ឬបង្កើតរោងចក្រផលិតដ្រូន និងគ្រាប់កាំភ្លើងធំនៅក្នុងទឹកដីអ៊ុយក្រែនភ្លាម កងទ័ពអាកាសរុស្ស៊ី នឹងបើកការវាយប្រហារកម្ទេចទីតាំងទាំងនោះចោលភ្លាមៗដោយគ្មានការលើកលែងឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ iz & foxnews on Microsoft Bing