ព័ត៌មានអន្តរជាតិ

មន្ត្រីរតនាគារជាតិអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់នឹងត្រូវរងទណ្ឌកម្ម តែអាម៉េរិកមិនរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋអ៊ីរ៉ង់ដោយសារតែហេតុផលសាសនាឡើយ

image


សហរដ្ឋអាម៉េរិក៖ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្កត ប៊េសស៊ែន បានប្រកាសពីវិធានការណ៍តឹងរ៉ឹងក្នុងការបិទខ្ទប់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់អ៊ីរ៉ង់ ដោយចាត់ទុកក្រុមហ៊ុនទាំងនោះ ជាក្រុមក្រៅច្បាប់ ដែលត្រូវតែរឹតត្បិតរាល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ ។

ទោះជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ក៏ភាគីអាម៉េរិកបានបញ្ជាក់ច្បាស់ថា ខ្លួននឹងមិនរឹតត្បិតលើការធ្វើដំណើររបស់ប្រជាជនអ៊ីរ៉ង់ដោយសារតែហេតុផលសាសនាឡើយ ពោលគឺការហោះហើរទៅធ្វើធម្មយាត្រានៅទីក្រុងសក្ការៈបូជា មេកា និងម៉ាឌីណា ក៏ដូចជាហេតុផលមនុស្សធម៌ គឺត្រូវបានអនុញ្ញាតដដែល ។

រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិករូបនេះ បានចេញព្រមានក្តៅៗទៅកាន់បណ្តាប្រទេស និងក្រុមហ៊ុនអន្តរជាតិទាំងអស់ថា ឱ្យតែភាគីណាហ៊ានផ្តល់សេវាកម្មចាក់ប្រេងយន្តហោះ លក់សំបុត្រ ឬទទួលប្រាក់ថ្លៃចតយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ នឹងត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចពីអាម៉េរិកភ្លាមៗ ។

ដោយឡែក ពាក់ព័ន្ធនឹងសំណួរពីការបន្ធូរបន្ថយទណ្ឌកម្មវិញ ភាគីអាម៉េរិកបានបង្ហើបថា ការផ្តល់ប្រាក់កាស ឬការបន្ធូរដៃសេដ្ឋកិច្ចទៅឱ្យទីក្រុងតេហ៍រ៉ង់ អាចធ្វើទៅបាន លុះត្រាតែអ៊ីរ៉ង់យល់ព្រមធ្វើការលះបង់ និងថយក្រោយក្នុងកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់នុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP via Getty Images/ AP