សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការណែនាំមួយចំនួន ដើម្បីសម្រេចឱ្យបាន នូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»
សម្តេចបវរធិបតី បានលើកឡើងថា "រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ,នៅឆ្នាំ២០២៦នេះ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក អាទិភាពគន្លឹះទី១ គឺ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយ គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាន នូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»"។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ដែលចះុហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញផ្សាយនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦នេះ។
ដើម្បីឱ្យការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំដូចក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស។ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមសហការគាំទ្រនិង អនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ (TVET ១,៥លាននាក់) ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ កាន់តែច្រើនឡើង។
គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើន ការស្រាវជ្រាវនិងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារការងារជាក់ស្តែង ហើយធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗប្រកបដោយប្រសិទ្ធភាពក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។ សហគ្រាស គ្រឹះស្ថានទាំងអស់ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្តល់ឱកាសដល់សិស្ស និស្សិតបានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន។ អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូនឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់ និងលើកទឹកចិត្តពួកគាត់សិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ យុវជន សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋនិងអតីតពលករវិលត្រឡប់មកពីប្រទេសថៃ អាចស្វែងរកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ការធ្វើតេស្តវាយតម្លៃទទួលស្គាល់សមត្ថភាព និងឱកាសការងារ ដោយទាក់ទងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ ឆ្លើយតបបន្ទាន់១២៩៧៕