ឡាវ និងរុស្ស៊ី ប្តេជ្ញាពង្រឹងជំនឿចិត្ត និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ លោក វ៉ាន់ថង កុងម៉ានី (Vanthong Kongmany) បានជួបពិភាក្សាការងារទ្វេភាគីជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ឺហ្គេ សូយហ្គូ (Sergei Shoigu) នៅក្រៅវេទិកាសន្តិសុខអន្តរជាតិ ក្នុងតំបន់មូស្គូ កាលពីថ្ងៃពុធ ។
នៅក្នុងជំនួបនោះ ភាគីឡាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏មានសក្តានុពល ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាពជាប្រពៃណីយូរអង្វែងតាំងពីសម័យសហភាពសូវៀត ដែលបង្កើតឱ្យមានជំនឿចិត្ត និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះ ភាគីរុស្ស៊ីតាមរយៈលោក សូយហ្គូ ក៏បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធីខួបលើកទី ៨១ នៃទិវាជ័យជម្នះសង្គ្រាមលោកលើកទីពីរ កាលពីពេលថ្មីៗកន្លងទៅ ។
ជំនួបដ៏មានអត្ថន័យនេះ ធ្វើឡើងនៅក្នុងឱកាសនៃវេទិកាសន្តិសុខអន្តរជាតិ ដែលរៀបចំឡើងដោយរុស្ស៊ីចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានប្រតិភូមកពីបណ្តាប្រទេស និងអង្គការបរទេសជាង ១៨០ ចូលរួម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.