មនុស្ស ១៥នាក់ស្លាប់ ក្នុងការវាយប្រហារពីសំណាក់កងទ័ពអ៊ីស្រាអ៊ែល លើលីបង់
លីបង់៖ ក្រុមការងារជួយសង្គ្រោះស៊ីវិលនៅលីបង់ កំពុងព្យាយាមខិតខំកាយគំនរបាក់បែក និងប្រមូលសាកសពជនរងគ្រោះ នៅក្នុងតំបន់ Burj el-Shamali ក្រោយការវាយប្រហារតាមអាកាសយ៉ាងសាហាវពីសំណាក់កងទ័ពអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងរបួស ១៦ នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារផងដែរ ។
ទោះបីជាមិនទាន់មានការបកស្រាយចំគោលដៅនេះក៏ដោយ ប៉ុន្តែកងទ័ពអ៊ីស្រាអ៊ែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើទីតាំងក្រុមហេសបូឡាជាង ១០០ កន្លែង ស្របតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី លោក ណេតានយ៉ាហ៊ូ ក្នុងការបង្កើនប្រតិបត្តិការស៊ីជម្រៅ និងគ្រប់គ្រងតំបន់យុទ្ធសាស្ត្រនៅលីបង់ ។
ការបង្ហូរឈាមជាថ្មីនេះ បានផ្ទុះឡើងគួរឱ្យភ្ញាក់ផ្អើល ទោះបីជាលីបង់ និងអ៊ីស្រាអ៊ែលទើបតែបានព្រមព្រៀងពន្យារបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក ចំនួន ៤៥ ថ្ងៃបន្ថែមទៀត កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះក៏ដោយ ។
ជុំវិញវិបត្តិនេះ ភាគីលីបង់ បានចោទប្រកាន់អ៊ីស្រាអ៊ែលថាបានរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងហើយម្តងទៀត ព្រមទាំងបានបង្កើតខ្សែបន្ទាត់ពណ៌លឿង ចូលជ្រៅក្នុងទឹកដីលីបង់ ដែលរឹតត្បិតមិនឱ្យពលរដ្ឋភៀសខ្លួនវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.