សង្គម

ក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល នៅភាគឦសានកម្ពុជា

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា និងប្រទេសឡាវ លោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា និងសុខុមាលភាពប្រជាជន។


លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផល ដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។


ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២) ការគាំទ្រសម្ភារបរិក្ខារពេទ្យ ៣) ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ៤) សុខភាពបន្តពូជ មាតា ទារក និងកុមារ (RMNCH) ៥) ការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។


ជាមួយគ្នានេះ ភាគីលុចសំបួ បានជ្រាបជូនអំពីផែនការសកម្មភាពបន្ត រួមមានការចុះបំពេញបេសកកម្មរបស់ក្រុមការងារទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើតការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC)។


ពិធីចុះហត្ថលេខា និងកិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរឯកសារ MoU ក្នុងស្មារតីប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងកម្ពុជា និងលុចសំបួ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕


អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ