ថ្នាក់ដឹកនាំខេត្តកែប ជំរុញការបង្កើនទិន្នផល និងគុណភាពស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀង
កែប៖ ថ្នាក់ដឹកនាំខេត្តកែប បានជំរុញដល់មន្ត្រីជំនាញ សហគមន៍កសិកម្ម និងប្រជាកសិករ ឱ្យរួមគ្នាបង្កើនទិន្នផល និងគុណភាពស្រូវ តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប និងការធ្វើស្រែឱ្យបានច្រើនដងក្នុងមួយឆ្នាំ ស្របពេលផ្ទៃដីកសិកម្មនៅខេត្តកែបមានទំហំតូច ប៉ុន្តែមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។
នេះជាការលើកឡើងដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ក្នុងកម្មវិធីផ្សព្វផ្សាយ និងអនុវត្តបង្ហាញឧបករណ៍បច្ចេកទេសព្រោះស្រូវ ព្រមទាំងពិធីប្រគល់ឧបករណ៍គាំទ្រដល់កសិករ នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ទោះបីខេត្តកែបមានផ្ទៃដីតូច និងប្រជាជនតិចក៏ដោយ ប៉ុន្តែខេត្តនេះមានសក្តានុពលកសិកម្មមិនចាញ់បណ្តាខេត្តផ្សេងៗឡើយ ដោយមានទាំងម្រេច GI អំបិល ផ្លែឈើហូបផ្លែ និងដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រសំខាន់។
លោកលើកទឹកចិត្តឱ្យប្រជាកសិករ បង្កើនការប្រើប្រាស់បច្ចេកទេសទំនើប ដើម្បីកាត់បន្ថយការចំណាយ បង្កើនទិន្នផល និងធានាគុណភាពស្រូវឱ្យស្របតាមស្តង់ដារ ព្រមទាំងចៀសវាងការទុកដីស្រែទំនេរចោល ខណៈប្រព័ន្ធស្រោចស្រពមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផល។
លោក ប៊ុនិកា សាន ប្រធានក្រុមហ៊ុន Agri-Smart Innovation បានឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍ព្រោះស្រូវជំនាន់ទី៥ អាចជួយកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជ កម្លាំងពលកម្ម និងជីកសិកម្ម ព្រមទាំងជួយបង្កើនទិន្នផលឱ្យបានល្អជាងការព្រោះស្រូវដោយដៃ។
ដោយឡែក លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបញ្ជាក់ថា នេះជាលើកទី១ ដែលមន្ទីរកសិកម្មចុះមកផ្សព្វផ្សាយ អនុវត្តបង្ហាញ និងផ្តល់ឧបករណ៍ព្រោះស្រូវដល់សហគមន៍កសិកម្មកោះសោមព្រែកតាកុយ ដើម្បីអភិវឌ្ឍទីនេះឱ្យក្លាយជាកន្លែងផលិតគ្រាប់ពូជស្រូវសែនក្រអូប សម្រាប់ផ្គត់ផ្គង់ទូទាំងខេត្តកែប ដែលមានផ្ទៃដីស្រែសរុបជាង ៣ពាន់ហិកតា។
លោកបានបន្ថែមថា ក្រោយប្រើប្រាស់ឧបករណ៍ព្រោះស្រូវថ្មីនេះ ទិន្នផលស្រូវអាចកើនឡើងពីជាង ៤តោន ទៅ៥តោន ក្នុងមួយហិកតា ខណៈការព្រោះស្រូវដោយដៃ ទទួលបានត្រឹមប្រមាណ ៣,២តោនប៉ុណ្ណោះ ក្នុងមួយហិកតា៕
អត្ថបទ៖ ង៉ុង សាន់