វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្សព្វផ្សាយអំពីលក្ខន្តិកៈជាតិក្នុងគោលបំណងជំរុញការអភិវឌ្ឍសហគ្រិនភាពនៅតាមបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានរៀបចំផ្សព្វផ្សាយអំពីលក្ខន្តិកៈជាតិនិស្សិត-សហគ្រិន (SNEE) ដែលក្របខណ្ឌថ្មីនេះ ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ មានគោលបំណងជំរុញការអភិវឌ្ឍសហគ្រិនភាពនៅតាមបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជាឱ្យកាន់តែរីកចំរើន។
សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃនេះ មានសិក្ខាកាមជាង ៦០នាក់ មកពីស្ថាប័នចំនួន ២៤ រួមមាន សាកលវិទ្យាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិន អ្នកជំនាញ និងតំណាងមកពីវិស័យសាធារណៈ និងឯកជន បានជួបជុំគ្នាដើម្បីសិក្សា និងស្វែងយល់អំពីលក្ខន្តិកៈជាតិនិស្សិត-សហគ្រិន។
លក្ខន្តិកៈនេះ ត្រូវបានអនុម័តជាផ្លូវការ តាមរយៈប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យនិស្សិតអាចអភិវឌ្ឍគម្រោងសហគ្រិនភាពរបស់ខ្លួន ក្នុងខណៈពេលបន្តការសិក្សាដោយមានប្រព័ន្ធគាំទ្រយ៉ាងច្បាស់លាស់។
លក្ខន្តិកៈជាតិនិស្សិត-សហគ្រិន ផ្តល់ជូននូវដំណើរការបីកម្រិត រួមមាន ១. ការអភិវឌ្ឍស្មារតីសហគ្រិន និងការបង្កើតគំនិត, ២. នវានុវត្តន៍ និងការបង្កើតគំរូផលិតផល ព្រមទាំងការផ្ទៀងផ្ទាត់ទីផ្សារ និង ៣. ការបង្កើត និងអភិវឌ្ឍ Start-up ជាក់ស្តែង។
អ្នកចូលរួមយល់ថា វាជាវិធីសាស្ត្រមួយ ដែលអាចជួយណែនាំនិស្សិតជាបន្តបន្ទាប់ ចាប់ពីគំនិតដំបូង រហូតដល់ការបង្កើតអាជីវកម្មពិតប្រាកដ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកម្មវិធី ENTREPRENDRE au Cambodge ដែលដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា អនុវត្តដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគាំទ្រដោយទីភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF)។
លោក អ៊ឺម គ្រាវង្ស តំណាងការិយាល័យជាតិ (AUF-Cambodge) បានលើកឡើងថា ភាពជាសហគ្រិនរបស់និស្សិត មិនមែនគ្រាន់តែជាឱកាសសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏សំខាន់សម្រាប់ «នវានុវត្តន៍ ភាពច្នៃប្រឌិត និងសមត្ថភាពការងាររបស់យុវជន »។ លោក ក៏បានសម្ដែងការពេញចិត្តចំពោះលទ្ធផលជាវិជ្ជមានយ៉ាងខ្លាំង នៃសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ដែលអនុញ្ញាតឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ និងគិតគូរអំពីការអនុវត្តនៅក្នុងស្ថាប័នរបស់ពួកគេ។
លោក ឈី សុទ្ធា អនុប្រធានមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតក្នុងការទទួលបានចំណេះដឹងថ្មីៗ ជាពិសេសផ្នែកសហគ្រិនភាព ភាពច្នៃប្រឌិត ការបង្កើតគំនិតអាជីវកម្ម និងការរៀបចំផែនការអាជីវកម្ម។ ពួកគេ នឹងរៀនពីការសិក្សាទីផ្សារ និងការអនុវត្តជំហានចាំបាច់សម្រាប់ផលិត និងលក់ផលិតផលរបស់ខ្លួន។ ពួកគេ ក៏នឹងមានឱកាសទាក់ទងជាមួយដៃគូអាជីវកម្មផ្សេងៗ និងអាចទទួលបានការវិនិយោគសម្រាប់អភិវឌ្ឍផលិតផលផងដែរ។
ការពិភាក្សាបានផ្តោតលើភាពចាំបាច់ក្នុងការបញ្ចូលសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សា ដូចជា មុខវិជ្ជាសហគ្រិនភាពជាក់លាក់, ការទទួលស្គាល់គម្រោងជំនួសកម្មសិក្សា , ការបណ្តុះបណ្តាលបែប Hybrid និងពហុជំនាញ , គម្រោងអនុវត្តជាក់ស្តែង , Hackathons , ការប្រកួត Startup , Mentorat ។
កញ្ញាបណ្ឌិត សាំង ដាវីន ប្រធានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចតិចណូ បានរំលឹកថា គោលបំណងមួយទៀត គឺការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ដើម្បីឱ្យនិស្សិត និងអ្នកស្រាវជ្រាវ ចេះការពារសិទ្ធិរបស់ខ្លួន មុនពេលចាប់ផ្តើមគម្រោង។
ការផ្សព្វផ្សាយលក្ខន្តិកៈជាតិនិស្សិតធុរកិច្ចនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតវប្បធម៌សហគ្រិនភាពពិតប្រាកដនៅតាមបណ្តាសាកលវិទ្យាល័យនៅកម្ពុជា ដែលគំនិតរបស់និស្សិត នឹងត្រូវបានលើកទឹកចិត្តឱ្យក្លាយជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស៕