អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺពុកឆ្អឹង កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ខណៈការរកឃើញជំងឺបានឆាប់រហ័ស មានសារៈសំខាន់ណាស់ ក្នុងការការពារការបាក់ឆ្អឹងធ្ងន់ធ្ងរ និងការរក្សាឯករាជ្យភាព ក្នុងការរស់នៅរបស់អ្នកជំងឺ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី “សុខភាពឆ្អឹងរឹងមាំ ជីវិតរឹងមាំ នវានុវត្តន៍ក្នុងការព្យាបាលជំងឺពុកឆ្អឹង” ដែលរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្ត្រាចារ្យរង មានប្រសាសន៍ថា ជំងឺពុកឆ្អឹងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយ នៅលើពិភពលោក និងក្នុងតំបន់ ព្រមទាំងប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណភាពជីវិតរបស់ប្រជាជន ជាពិសេសមនុស្សវ័យចំណាស់។ ក្នុងន័យនេះ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីនវានុវត្តន៍ និងការអភិវឌ្ឍថ្មីៗក្នុងការថែទាំជំងឺពុកឆ្អឹង និងការគ្រប់គ្រងសារធាតុខនិចឆ្អឹង គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកជំនាញវេជ្ជសាស្ត្រ។
លោកអគ្គនាយករង មានប្រសាសន៍ថា "ការរកឃើញជំងឺឱ្យបានឆាប់រហ័ស ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការគ្រប់គ្រងប្រកបដោយនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ ក្នុងការការពារការបាក់ឆ្អឹងធ្ងន់ធ្ងរ និងការរក្សាឯករាជ្យភាព ក្នុងការរស់នៅរបស់អ្នកជំងឺ។ ការរកឃើញបញ្ហាដង់ស៊ីតេឆ្អឹង នៅដំណាក់កាលដំបូង អាចជួយឱ្យគ្រូពេទ្យរៀបចំផែនការព្យាបាលតាមបុគ្គល និងតាមដានយ៉ាងជិតស្និទ្ធ ដែលអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។"
ក្នុងនាមជាគ្រឹះស្ថានសុខាភិបាលឈានមុខ, លោកសាស្ត្រាចារ្យរង មានប្រសាសន៍ លើកទឹកចិត្តយ៉ាងខ្លាំងដល់ការបង្កើនចំណេះដឹងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ដែលជាគន្លឹះអាទិភាពសម្រាប់អនាគតដែលមានសុខភាពបរិបូណ៍ សម្រាប់គ្រួសារ ក៏ដូចជាងប្រទេសជាតិរបស់យើង។
លោក វូ សុភៈរស្មី បានលើកទឹកចិត្តដល់អ្នកជំនាញទាំងអស់ បន្តខិតខំសិក្សាស្រាវជ្រាវ និងពង្រីកកិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិ ពីបណ្តាប្រទេសនានាបន្ថែមទៀត។ ជំនាញ និងកិច្ចសហការកម្រិតអន្តរជាតិ នឹងរួមចំណែកលើកកម្ពស់គុណភាពវិទ្យាសាស្ត្រ និងផលប៉ះពាល់ផ្នែកព្យាបាលរបស់ការងារនេះ សម្រាប់ប្រទេសកម្ពុជាយ៉ាងខ្លាំង។
សូមជម្រាបថា សិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ការចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពជំនាញវេជ្ជសាស្ត្រ របស់វេជ្ជបណ្ឌិតឯកទេសរបស់កម្ពុជា ស្តីពីសុខភាពឆ្អឹង ដើម្បីឱ្យការថែទាំ និងព្យាបាលអ្នកជំងឺ អាចប្រព្រឹត្តទៅបានកាន់តែមានប្រសិទ្ធភាព និងគុណភាពកាន់តែខ្ពស់៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី