សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវឱ្យបន្តផ្សព្វផ្សាយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» កាន់តែទូលំទូលាយ ដើម្បីឱ្យសប្បុរសជនចូលរួមកាន់តែច្រើន ខណៈមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាជាង ៤០លានដុល្លារក្នុងមួយឆ្នាំ

image


ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីបន្តចូលរួមផ្សព្វផ្សាយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» ឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ សប្បុរសជន និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកាកាន់តែច្រើន សម្រាប់គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការថវិកាយ៉ាងចាំបាច់ក្នុងការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ព្រមទាំងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ នៃការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលតែងតែធ្វើឡើងពេញមួយខែមិថុនា។ ទោះជាយ៉ាងណា មូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តទទួលថវិកាពីសប្បុរសជនជារៀងរាល់ថ្ងៃ មិនថាតែក្នុងអំឡុងយុទ្ធនាការនោះទេ។

លោកជំទាវបណ្ឌិត បានលើកឡើងថា យុទ្ធនាការនេះទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយមានការចូលរួមពីសប្បុរសជនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង នៅឆ្នាំ២០២៥ យុទ្ធនាការនេះ ទទួលបានថវិកាប្រមាណ ៦លានដុល្លារអាម៉េរិក ពីអ្នកចូលរួមជាង ៣០ម៉ឺននាក់។ ទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត នៅតែចង់ឃើញមានការចូលរួមកាន់តែច្រើនបន្ថែមទៀត ខណៈចំនួនកុមារ និងស្ត្រីមានផ្ទៃពោះដែលត្រូវការសេវាព្យាបាល កំពុងកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងអំឡុងពេលមានការផ្ទុះជំងឺឆ្លងផ្សេងៗ។

លោកជំទាវបណ្ឌិត បន្តថា ដើម្បីផ្តល់ការព្យាបាលជូនអ្នកជំងឺកុមារចន្លោះពី ១.០០០នាក់ ទៅ ៣.០០០នាក់ ក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ ឬជាង ៤០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

លោកជំទាវបណ្ឌិត ក៏បានកត់សម្គាល់ថា ក្នុងរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតអគារព្យាបាលជំងឺមហារីកកុមារ ដែលធ្វើឱ្យកុមារមានជំងឺមហារីកពីមន្ទីរពេទ្យផ្សេងៗ ត្រូវបានបញ្ជូនមកព្យាបាលនៅទីនោះ។ ការព្យាបាលជំងឺប្រភេទនេះ ត្រូវការថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រដែលមានតម្លៃខ្ពស់ ធ្វើឱ្យការចំណាយរបស់មន្ទីរពេទ្យកាន់តែកើនឡើង។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ការជួយសង្គ្រោះអាយុជីវិតកុមារ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែទាមទារការចូលរួមពីគ្រប់ភាគី ទាំងវិស័យរដ្ឋ និងឯកជន។ លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើយើងចង់ឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនទៅមុខ គឺយើងត្រូវការធនធានមនុស្សដែលមានសុខភាពល្អ ដូច្នេះយុទ្ធនាការនេះ ធ្វើឡើងដើម្បីចូលរួមក៏សាងធនធានមនុស្សសម្រាប់អនាគតប្រទេសកម្ពុជាកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនត្រឹមតែជាការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការរួមគ្នាបង្កើតចលនា និងស្មារតី «ខ្មែរជួយខ្មែរ» ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្ត ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ។

ក្នុងឱកាសនោះនោះដែរ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់វិស័យឯកជន ដែលបានបន្តបង្ហាញទឹកចិត្តសប្បុរសធម៌ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងប្រទេសកម្ពុជា កំពុងប្រឈមបញ្ហាមួយចំនួនក៏ដោយ។

លោកជំទាវបណ្ឌិត បន្តថា ការបរិច្ចាគថវិកាទាំងនេះ មិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្ត ក្តីមេត្តាករុណា និងការចូលរួមទទួលខុសត្រូវរបស់វិស័យឯកជន ចំពោះសុខភាព និងអនាគតរបស់កុមារកម្ពុជា។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែកផ្តល់សេវាពិនិត្យ ព្យាបាល និងសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត