សង្គម

ឧកញ៉ា គិត លីច័ន្ទផាន់ណា តំណាងឧកញ៉ា គិត ស៊ូឡា នាំយកថវិកា ៤៥០,៥៥៥ដុល្លារ ប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា គិត លីច័ន្ទផាន់ណា តំណាងឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company បាននាំយកថវិកាចំនួន ៤៥០,៥៥៥ដុល្លារអាម៉េរិក ប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការប្រគល់ថវិកានេះ បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា និងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគថវិកាដ៏សប្បុរស របស់ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ធ្វើឡើងតបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Royal Group International Company របស់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុននានា ដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦»។

លោកជំទាវបណ្ឌិត បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ គឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដែលបានបន្តផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមបញ្ហាមួយចំនួនក៏ដោយ។

លោកជំទាវបណ្ឌិត បន្តថា ការបរិច្ចាគនេះ មិនត្រឹមតែជាការផ្តល់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្ត ក្តីមេត្តាករុណា និងការចូលរួមទទួលខុសត្រូវរបស់វិស័យឯកជន ចំពោះសុខភាព និងអនាគតរបស់កុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ការជួយសង្គ្រោះអាយុជីវិតកុមារ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែទាមទារការចូលរួមពីគ្រប់ភាគី ទាំងវិស័យរដ្ឋ និងឯកជន។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើយើងចង់ឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍជឿនលឿនទៅមុខ គឺយើងត្រូវការធនធានមនុស្សដែលមានសុខភាពល្អ និងចៀសផុតពីជំងឺផ្សេងៗ ហើយយុទ្ធនាការនេះ ធ្វើឡើងដើម្បីចូលរួមក៏សាងធនធានមនុស្សសម្រាប់អនាគតប្រទេសកម្ពុជាកាន់តែប្រសើរ។

លោកជំទាវបណ្ឌិត ក៏បានបង្ហាញក្តីសង្ឃឹមថា ទឹកចិត្តសប្បុរសធម៌ និងការចូលរួមរបស់ក្រុមហ៊ុននានា នឹងបន្តរីកសាយភាយ និងក្លាយជាគំរូល្អសម្រាប់វិស័យឯកជន និងសាធារណជន ក្នុងការចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈតម្រូវការចំណាយលើការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ កំពុងកើនឡើងជារៀងរាល់ឆ្នាំ។

សូមរំលឹកថា កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company បាននាំយកនូវថវិកាចំនួន ១,៥៥៥,៥៥៥ដុល្លារអាម៉េរិក (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សូមជម្រាបថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕

រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត