លោក ហ្សេលែនស្គី ផ្ញើលិខិតពិសេសទៅលោក ត្រាំ ដោយសុំប្រព័ន្ធការពារ Patriot ជាបន្ទាន់ ក្រោយរុស្ស៊ីសម្រុកវាយប្រហារខ្លាំង
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី កាលពីពេលថ្មីៗនេះ បានផ្ញើសារលិខិតពិសេសមួយច្បាប់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសភាអាម៉េរិកក្នុងពេលតែមួយ ដើម្បីសុំជំនួយប្រព័ន្ធការពារដែនអាកាសផេយទ្រៀត (Patriot) ជាបន្ទាន់ ចំពេលដែលអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ។
ការទាមទារជំនួយយ៉ាងតក់ក្រហល់នេះ កើតឡើងបន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រើប្រាស់ដ្រូនវាយប្រហារយ៉ាងសាហាវលើវិទ្យាល័យមួយក្នុងតំបន់លូហ្គានស្ក៍ បណ្តាលឱ្យមនុស្សស្លាប់ ២១ នាក់ និងរបួស ៦៣ នាក់ ដែលធ្វើឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពុទីន ថ្កោលទោសថាជាអំពើភេរវកម្ម និងបញ្ជាឱ្យកងទ័ពរុស្ស៊ីរៀបចំការសងសឹក ។
ជាការឆ្លើយតបភ្លាមៗ កងទ័ពរុស្ស៊ី បានប្រើប្រាស់មីស៊ីលទំនើបៗជាច្រើនប្រភេទ រួមមានទាំងមីស៊ីល អូរែសនីក (Oreshnik) និងគីនហ្សាល់ (Kinzhal) ដើម្បីបើកការវាយប្រហារសម្រុកយ៉ាងចាស់ដៃទៅលើទីបញ្ជាការដ្ឋានយោធា និងមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន នៅក្នុងទីរដ្ឋធានីគីវ ដែលបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ ។
នៅក្នុងជំនួបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីរុស្ស៊ីបានចោទប្រកាន់លោក ហ្សេលែនស្គី ថាបានសម្លាប់ពលរដ្ឋខ្លួនឯងដែលមិនព្រមរស់ក្រោមមនោគមវិជ្ជាជ្រុលនិយមដូចរបបណាហ្ស៊ីអ៊ីត្លែរ ខណៈអ៊ុយក្រែននិយាយការពារខ្លួនថា ការវាយប្រហារលើវិទ្យាល័យនោះ ក៏ដោយសារតែទីនោះជាទីបញ្ជាការដ្ឋាន និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ្រូនរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (REUTERS/Jonathan Ernst/File Photo)/ (REUTERS/Valentyn Ogirenko/File Photo).