កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងចំនួន ២ ក្នុងក្រុងបារិត សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្ស ៦០នាក់
ស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាល ក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ២ទីតាំង នៅចំណុចអាគារជួល និងផ្ទះល្វែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ដោយឃាត់ខ្លួនមនុស្ស ក្នុងរង្វង់ប្រតិបត្តិការ ចំនួន ៦០នាក់ ស្រី ១៣នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។
សមត្ថកិច្ច បានចុះទៅទីតាំងទី១ ដែលជាអាគារជួល ឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៤៥នាក់ ស្រី ០៨នាក់(ជនជាតិវៀតណាម ៤៣នាក់ ស្រី ០៨នាក់, ជនជាតិ ចិន ០២នាក់ ប្រុស)។ និងទីតាំងទី២ ជាផ្ទះល្វែង ឃាត់ខ្លួនមនុស្ស ក្នុងរង្វង់ប្រតិបត្តិការ ចំនួន ១៤នាក់ ស្រី ០៥នាក់ ជាជនជាតិ វៀតណាម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើស រួមមាន កំព្យូទ័រលើតុ All-In-One , កុំព្យូទ័រ យួរដៃ, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជន សង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំង ប្រព្រឹត្តិបទល្មើស ត្រូវបានក្រុមការងារបិទ សៀល បិទទីតាំងបណ្ដោះអាសន្ន៕
អត្ថបទ៖ មិន ភក្តី