មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជំរុញដល់ម្ចាស់អាជីវកម្មនៅខេត្តព្រៃវែង ពង្រឹងយន្តការគ្រប់គ្រងការធ្វើអាជីវកម្មឱ្យមានតម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រកបដោយការទទួលខុសត្រូវ
ព្រៃវែង៖ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជំរុញដល់ដល់ម្ចាស់អាជីវកម្មនៅខេត្តព្រៃវែង ពង្រឹងយន្តការគ្រប់គ្រងការធ្វើអាជីវកម្មឱ្យមានតម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រកបដោយការទទួលខុសត្រូវ។
ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ ជលវិទ្យា ជលគតិ និងការវាយតម្លៃផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពមាត់ច្រាំងទន្លេ នៅខេត្តព្រៃវែង។
លោក អាន ពេជ្រ ហត្ថដា មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីបទដ្ឋានគតិយុត្ត និងច្បាប់ធរមាននានា ដល់ប្រតិបត្តិករ និងអាជ្ញាធរពាក់ព័ន្ធ។ ពង្រឹងយន្តការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ឱ្យមានតម្លាភាព និងគណនេយ្យភាព។ ធានាថា ការបូម និងដកហូតខ្សាច់ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជៀសវាងការបាក់ច្រាំង និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន ព្រមទាំងចរន្តទឹក។
លោក បានបន្តថា អាជីវកម្មខ្សាច់ គឺជាផ្នែកមួយនៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត។ រាល់ការធ្វើអាជីវកម្មទាំងអស់ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារផលប្រយោជន៍សាធារណៈ និងធានាបាននូវចីរភាពបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បើតាមលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តព្រៃវែង បានឱ្យដឹងថា សម្រាប់វិស័យធនធានរ៉ែខ្សាច់ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មក្នុងខេត្តព្រៃវែង សរុបចំនួន ១០អាជ្ញាបណ្ណ ក្នុងនោះ បូមខ្សាច់សំណង់ និងដីល្បាយខ្សាច់ ចំនួន ០៩អាជ្ញាបណ្ណ និងបូមខ្សាច់គំាទ្រប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០១ អាជ្ញាបណ្ណ។
លោក អភិបាលរង បន្តថា ការផ្សព្វផ្សាយនេះ នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យ។
អង្គប្រជុំ ក៏បានបើកឱកាសឱ្យអ្នកចូលរួមជជែកពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើឱ្យការអនុវត្តការងារគ្រប់គ្រងធនធានខ្សាច់នៅក្នុងខេត្តព្រៃវែង កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
អត្ថបទ៖ តែ ផានិត