Reuters ព្យាករណ៍ថា ឥទ្ធិពលបច្ចេកវិទ្យា AI ជំរុញឱ្យការនាំចេញរបស់កូរ៉េខាងត្បូង បន្តហក់ឡើងខ្ពស់ ១២ខែជាប់ៗគ្នា
កូរ៉េខាងត្បូង៖ ការស្ទង់មតិថ្មីមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ទិន្នន័យនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវគេព្យាករណ៍ថានឹងបន្តកើនឡើងក្នុងរយៈពេល ១២ ខែជាប់ៗគ្នានៅក្នុងខែឧសភានេះ បន្ទាប់ពីទីផ្សារសកលលោកកំពុងសម្រុកវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យា AI ។
អ្នកជំនាញសេដ្ឋកិច្ចល្បីៗចំនួន ៩ រូប បានវាយតម្លៃដូចៗគ្នាថា ការនាំចេញរបស់កូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅអាស៊ីមួយនេះ អាចនឹងហក់ឡើងរហូតដល់ ៤៨,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
សន្ទុះកំណើននៃការនាំចេញក្នុងខែឧសភានេះ ត្រូវគេមើលឃើញថាមានល្បឿនលឿនជាងខែមេសាបន្តិច ប៉ុន្តែវានៅទាបជាងខែមីនា ដែលកាលនោះធ្លាប់បានបំបែកកំណត់ត្រាកើនឡើងខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ។
ផ្អែកលើទិន្នន័យជាក់ស្តែងក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែនេះ ការនាំចេញបានលោតឡើងដល់ទៅ ៦៤,៨ ភាគរយរួចជាស្រេចទៅហើយ ដោយសារតែការបញ្ជាទិញគ្រឿងបន្ទះឈីប មានការកើនឡើងខ្ពស់រហូតដល់ទៅជាង ៣ ដងឯណោះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ច អះអាងថា ភាពហក់ឡើងនៃខ្សែច្រវាក់នាំចេញរបស់កូរ៉េខាងត្បូង នឹងបន្តមានភាពរឹងមាំសម្រាប់រយៈពេលវែងទៅមុខទៀត បើទោះបីជាបច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃខ្ពស់ក៏ដោយ។
ក្រៅពីការនាំចេញ ងាកមកមើលការនាំចូលទំនិញវិញ ក៏ត្រូវគេព្យាករណ៍ថានឹងកើនឡើងដល់ ២១,៥ ភាគរយ ដែលជាអត្រាកំណើននៃការនាំចូលទំនិញលឿនបំផុតមួយ គិតចាប់តាំងពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ មក។
ជាមួយគ្នានេះ អត្រាអតិផរណា ឬតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានហក់ឡើងដល់ ៣,០ ភាគរយផងដែរ ខណៈរបាយការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មផ្លូវការទាំងស្រុង នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១ ខែមិថុនា ខាងមុខនេះ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ opendatascience on Microsoft Bing/ (REUTERS/Kim Hong-Ji).