បង្ក្រាបករណីចរាចរណ៍បារីទ្រង់ទ្រាយធំទៅកាន់ប្រទេសថៃ នៅច្រករបៀងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីបង្ក្រាបការលួចដឹកជញ្ជូនបារីទ្រង់ទ្រាយធំដោយខុសច្បាប់ឆ្លងដែនទៅកាន់ប្រទេសថៃ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនបារីជាច្រើនការ៉ុង ចេញពីស្រុកសំពៅលូន ឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅប្រទេសថៃ ដែលករណីនេះគឺជាជើងលើកទី ៥ ហើយដែលក្រុមឈ្មួញនៅតែបន្តប្រថុយប្រថានយ៉ាងខ្លាំង ខណៈព្រំដែលប្រទេសទាំងពីរត្រូវបានបិទ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ សហការជាមួយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងកម្លាំងយោធាពីកងពលតូចលេខ ៥១ និងលេខ ៥៣ បានធ្វេីការបងក្រាប។ បុន្តែដោយសារតែខ្លាចកម្លាំងសមត្ថកិច្ច ក្រុមកម្មករដឹកជញ្ជូនបានរត់គេចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿង និងវត្ថុតាងបារីជាច្រើនការ៉ុង និង ២០ប៊ិចនៅនឹងកន្លែងជិតមាត់អូរព្រំដែន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីតាមស្វែងរកមេខ្លោងនៅពីក្រោយយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕