សង្គម

ខេត្តកំពង់ធំ និងទីក្រុងយ៉ាងចូវ របស់ចិន ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការ

image


កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ និងទីក្រុងយ៉ាងចូវ នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតបង្ហាញសុច្ឆន្ទៈរួចមក។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ចិន យ៉ាង (Chen Yang) ប្រធានសភាប្រឹក្សានយោបាយនៃទីក្រុងយ៉ាងចូវ។ ពិធីចុះហត្ថលេខានេះ ក្រោមកិច្ចសម្របសម្រួលពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ក៏មានជំនួបពិភាក្សាការងារជាមួយលោក ចិន យ៉ាង (Chen Yang) ប្រធានសភាប្រឹក្សានយោបាយនៃទីក្រុងយ៉ាងចូវ ផងដែរ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងខេត្តកំពង់ធំ និងទីក្រុងយ៉ាងចូវ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍មូលដ្ឋាន រវាងភាគីទាំងពីរ នាពេលអនាគត៕