លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រកាសបើកបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដើម្បីគាំទ្រដល់មូលនិធិគន្ធបុប្ផា ក្នុងការព្យាបាល និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា និង ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកជំទាវបណ្ឌិត បានចាត់ទុកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រកបទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅគាំទ្រដល់មូលនិធិគន្ធបុប្ផា ដើម្បីព្យាបាល និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់សែននាក់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាការផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារ រួមទាំងគ្រួសារកម្ពុជាទាំងអស់ ហើយក៏ជាសារបញ្ជាក់អំពីស្មារតីខ្មែរតែមួយ ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនគ្រប់ៗរូបទាំងជាតិ និងអន្តរជាតិ ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងធនធាន ហើយសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយបន្ថែមទៀត ។
សូមជំរាបថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕