ខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ខណៈអាជ្ញាធរជំរុញការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវវស្សា
កែប៖ រដ្ឋបាលខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ជូនប្រជាកសិករនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺលើគោក្របី និងសត្វចិញ្ចឹមនានា ក្នុងអំឡុងរដូវវស្សា ដែលជាពេលងាយកើតមានជំងឺឆ្លង។ យុទ្ធនាការនេះ ក៏មានគោលបំណងលើកកម្ពស់សុវត្ថិភាពវិស័យបសុសត្វ និងជួយការពារជីវភាពប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វផងដែរ។
ថ្លែងនាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺឆ្លងសត្វ ជាពិសេសក្នុងរដូវវស្សា ដែលជាពេលងាយកើត និងឆ្លងរាលដាលជំងឺលើគោក្របី និងសត្វចិញ្ចឹមផ្សេងៗ។ លោកបណ្ឌិត បានលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការ និងការគ្រប់គ្រងចលនាសត្វ ឬសាច់សត្វ គឺជាវិធានការសំខាន់ក្នុងការការពារសុខភាពសត្វ និងរក្សាសុវត្ថិភាពវិស័យបសុសត្វនៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ សូមនាំយកគោក្របី និងសត្វចិញ្ចឹមរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឱ្យបានគ្រប់ៗគ្នា តាមពេលវេលា និងទីតាំងដែលមន្ត្រីជំនាញបានកំណត់ ដើម្បីការពារសុខភាពសត្វ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងរក្សាសុវត្ថិភាពក្នុងការប្រកបរបរចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ជំងឺសត្វតែងកើតមានច្រើនក្នុងរដូវភ្លៀងធ្លាក់ ដោយសារទឹកហូរនាំមេរោគពីតំបន់មួយទៅតំបន់មួយ និងការដឹកជញ្ជូនសត្វឈឺ ឬសាច់សត្វពីតំបន់ផ្ទុះជំងឺ។ លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តកែប មានគោក្របីជិត១ម៉ឺនក្បាល និងសត្វចិញ្ចឹមជាច្រើនប្រភេទទៀត។
លោក ថឹង បូរិន បន្ថែមថា បន្ទាប់ពីបើកយុទ្ធនាការនេះ មន្ត្រីជំនាញនឹងសហការជាមួយអាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ បន្តចុះចាក់វ៉ាក់សាំងតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងលើកកម្ពស់សុវត្ថិភាពក្នុងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ង៉ុង សាន់