សង្គម

នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់មន្ត្រីអាវុធហត្ថទាំងអស់ គោរពវិន័យ ច្បាប់ និងឱ្យដាក់ចេញនូវវិធានការសំខាន់ៗដើម្បីពង្រឹងអង្គភាព

image


កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការណែនាំដល់មន្ត្រីអាវុធហត្ថទាំងអស់ ត្រូវគោរពវិន័យ និងច្បាប់ឱ្យបានម៉ឺងម៉ាត់ អនុវត្តតួនាទីភារកិច្ចបានល្អក្នុងការបម្រើ និងការពារ ដើម្បីទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ ការណែនាំនេះធ្វើឡើងក្នុងឱកាសបញ្ចុះបឋមសិលាសាងសង់អាគារទីបញ្ជាការថ្មីរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងស្រុកសំរោងទង។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា កងរាជអាវុធហត្ថបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពសង្គម និងការអនុវត្តច្បាប់។ ដើម្បីប្រសិទ្ធិភាពការងារនេះ អាវុធហត្ថបានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍ចំនួន៤ ដើម្បីបង្កើនគុណភាព នៃការប្រតិបត្តិតួនាទី និងភារកិច្ចឱ្យកាន់តែប្រសើរក្នុងនោះគឺ ការប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធភាព។
នាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា អ្វីដែលកាន់តែធ្វើឱ្យប្រតិបត្តិការរបស់អាវុធហត្ថកាន់តែមានប្រសិទ្ធភាពថែមទៀតនោះគឺចាំបាច់មន្ត្រីត្រូវតែអនុវត្តឱ្យបាននៅ៤ចំណុចនេះបន្ថែមទៀតគឺ ១-ត្រូវតែមានវិន័យ ២-គោរពក្រមសីលធម៌ក្នុងនាមជាមន្ត្រីអាវុធហត្ថ ៣-ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នូវវិជ្ជាជីវៈ និង៤-ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសង្កត់ធ្ងន់ថា កន្លងមកជុំវិញការអនុវត្តរបស់មន្ត្រីអាវុធហត្ថនៅតាមបណ្តាខេត្តគឺបានល្អប្រសើរហើយ ក្នុងនោះក៏មានការសាទរពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តរួចហើយដែរ ប៉ុន្តែក៏នៅតែចំណុចខ្វះចន្លោះខ្លះដែលមន្ត្រីនៅតែអនុវត្តផ្ទុយ ធ្វើឱ្យមានការអាក់អន់ចិត្ត និងរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ តែទន្ទឹមនឹងមានការរិះគន់នេះ នាយឧត្តមសេនីយ៍ក៏បានប្រកាសមិនលើកលែងឱ្យទេចំពោះមន្ត្រីណាដែលឆ្លៀតឱកាសកេងចំណេញក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើស(កុំធ្វើចោរប្លន់ ប្លន់ចោរ)៕

អត្ថបទ៖ ប៊ុត សារុន