សង្គម

សម្តេចប្រធានរដ្ឋសភា៖ ចំណងមិត្តភាពកម្ពុជា-ហុងគ្រី គឺឈរលើភាពជាមិត្តភាពស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នា

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោក ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបានបញ្ចប់បេសកកម្មការទូត ពីកម្ពុជាប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់លោក ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបានផ្តល់ផល ប្រយោជន៍ជូនពលរដ្ឋ និងប្រទេសជាតិទាំងសងខាង។
ចំណងមិត្តភាពកម្ពុជា-ហុងគ្រី គឺឈរលើភាពជាមិត្តភាពស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នា។ សម្តេចប្រធានរដ្ឋ សភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានរយៈពេល៧០ឆ្នាំមកនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងដល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងទៀត រួមមាន កសិកម្ម ធនធានទឹក វិនិយោគ និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរនគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រី ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក និងនៅគ្រប់កាលៈទេសៈដែលមានការលំបាក ដូចជាក្នុងអំឡុង ពេលជំងឺរាតត្បាតកូវីដ-១៩ ជាដើម។ សម្តេចក៏បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ និងផ្តល់សិទ្ធិរស់ នៅ បំពេញការងារ និងសិក្សាដល់ពល រដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីផងដែរ។
លោក ទីប័រក៍ បាឡូឌី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលតែងតែផ្តល់កិច្ចសហការ និងសម្រប សម្រួលការងារជាប់ជាប្រចាំ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

លោកបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើ ឆាកអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ ហើយទំនាក់ទំនងកម្ពុជា-ហុងគ្រី ជាទំនាក់ទំនងដ៏ល្អមួយដែលពិបាករកបាន។ កម្ពុជាជាមិត្តល្អ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្តានុពលខ្ពស់ មានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជា ពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន និងជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងតំបន់អាស៊ីនិងអឺរ៉ុប។

លោក ទីប័រក៍ បាឡូឌី បានបង្ហាញការពេញចិត្តចំពោះនិស្សិតកម្ពុជា ដែលបាននិងកំពុងសិក្សានៅប្រទេសហុងគ្រីហើយ ចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបញ្ជាក់ថា ហុងគ្រីនៅតែបន្តការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនេះជូនកម្ពុជាបន្តទៀត។ ជាមួយគ្នានេះ លោក ក៏បានបំផុសគំនិតចង់ឱ្យមានការផ្លាស់ប្តូរនិស្សិតគ្នាទៅវិញ ទៅមកបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសការនាំនិស្សិតហុងគ្រីមកសិក្សានៅប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅសម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។នៅក្នុងឱកាសនោះ រដ្ឋសភានៃប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ទាំងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផល ប្រយោជន៍រួម ដូចជា សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ អប់រំ បច្ចេកវិទ្យា និងវប្បធម៌ជាដើម។

ហុងគ្រី គឺជាមិត្តល្អរបស់កម្ពុជា ដែលក្នុងនោះទំនុកចិត្តផ្នែកនយោបាយរវាងថ្នាក់ ដឹកនាំប្រទេសទាំងពីរ ទាំងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិ ប្បញ្ញត្តិត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរ និងរឹងមាំ ជាលំដាប់។ សម្តេចបានបង្ហាញការកត់សម្គាល់ពីភាពរស់រាយរាក់ទាក់របស់ប្រជាជនហុងគ្រី ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដូចគ្នានឹងបេសកកម្មដែលកម្ពុជាកំពុងធ្វើយ៉ាងសកម្មនាពេលបច្ចុប្បន្ន ដែលបានជំរុញធ្វើឱ្យប្រទេសទាំងពីរធ្វើបេសកកម្មធំៗរួមគ្នាជាច្រើន។
សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវមោទនភាពថា បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមក រដ្ឋសភាប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នៅក្នុងនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយសង្ឃឹមថាទំនាក់ទំនងដ៏ល្អនឹងត្រូវបានបន្តថែរក្សា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា តាមរយៈវត្តមានរបស់លោកឯកអគ្គរដ្ឋទូត បានជំរុញ និងលើកទឹកចិត្តឱ្យហុងគ្រីមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដូចជាលើការ គ្រប់គ្រងធនធានទឹក និងកសិឧស្សាហកម្ម ជាដើម៕

អត្ថបទ៖ វង សុភ័ក្ត្រ