សង្គម

រដ្ឋមន្ត្រីសុខាភិបាល ចែករំលែកបទពិសោធថា “ភាពជាអ្នកដឹកនាំពិតប្រាកដ គឺប្រែក្លាយបញ្ហាប្រឈម ទៅជាវឌ្ឍនភាព”

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបាឋកថាស្តីពី “បទពិសោធភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល” ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសិស្សមន្រ្តីជាន់ខ្ពស់ មន្រ្តីក្រមការ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ នៅសាលាភូមិន្ទរដ្ឋបាល។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធ នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយថា ភាពជាអ្នកដឹកនាំ មិនមែនស្ថិតតែលើអំណាច ឬតួនាទីប៉ុណ្ណោះទេ ប៉ុន្តែគឺជាចក្ខុវិស័យ ភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាព ក្នុងការជំរុញអ្នកជុំវិញឱ្យយល់ក្នុងភាពជាម្ចាស់ ដើម្បីរួមដំណើរឆ្ពោះទៅសម្រេចគោលដៅច្បាស់លាស់មួយ។

លោក ឈាង រ៉ា មានប្រសាសន៍ថា “ភាពជាអ្នកដឹកនាំពិតប្រាកដ គឺប្រែក្លាយបញ្ហាប្រឈម ទៅជាវឌ្ឍនភាព”។ ភាពជាអ្នកដឹកនាំពិតប្រាកដ ត្រូវបានកសាងឡើងតាមរយៈបទពិសោធ វិន័យ ការស្តាប់ ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី រំពឹងថា ការចែករំលែកបាឋកថាស្តីពី “បទពិសោធភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល” នេះ នឹងជំរុញ និងលើកទឹកចិត្តដល់អ្នកដឹកនាំជំនាន់ថ្មីរបស់កម្ពុជា ប្រកបដោយឧត្តមភាព សុចរិតភាព និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជាតិ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ